ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះរថយន្តដឹកទំនិញមួយគ្រឿងទាំងស្រុងនៅខណ្ឌជ្រោយចង្វា

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរថយន្តប្រភេទដឹកអីវ៉ាន់មួយគ្រឿងទាំងស្រុង បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើត​ឡើង​កាល​ពី​ម៉ោងជាង០១រសៀល ​​​ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ និងថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ នៅ​ខាង​ក្រោយ​​រោង​ចក្រ​បោក​គក់​មួយកន្លែងយីហោសុីសឃ្វែរ ស្ថិត​ក្នុង​ភូមិ​ខ្ទរ សង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វា ។

​ជំហាន​ដំបូង​គេមិនទាន់ដឹងពី​មូលហេតុ​ច្បាស់​​នោះទេ តែមុន​​ដំបូង ​គឺ​រថយន្ត​ដែល​ឆេះ​នោះ​ មាន​ដឹក​ទឹក​សាប៊ូ​អូសាវែល​ពេញ​រថយន្ត​ ហើយ​​បាន​បើក​ទៅ​ចតទុក​នៅខាង​ក្រោយ​រោងចក្រ​នោះ​ ​​ក្រោយមកមិនជាមូលហេតុអ្វី​ស្រាប់តែ​​​រថយន្ត​ផ្ទុះ​ឆាប​ឆេះ​​យ៉ាងសន្ធោ​សន្ធៅ​​​តែម្តង ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនអូស៊ីអាស៊ីចំនួន៥គ្រឿងចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ភ្លើងបានរលត់ទៅវិញនៅម៉ោងជិត២រសៀល ដោយប្រើរថយន្តពន្លត់អគ្គិភ័យបាញ់អស់៤គ្រឿង ចំពោះសំភារៈដែលឆេះខូចខាតរួមមានរថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿងទាំងស្រុង និងទឹកសាប៊ូអូសាវែលមួយចំនួួន ហើយអគ្គិភ័យនេះមិនឆេះរាលដាលដល់កន្លែងផ្សេងទេ ៕ ជ្រោយពេជ្រ