ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆេះ​ផ្ទះ​១​ខ្នង រថយន្ត​២​គ្រឿង និង​ម៉ូតូ​១​គ្រឿងនៅ​ស្រុក​ឯក​ភ្នំ​

ខេត្តបាត់ដំបង​៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង​ទាំងស្រុង រថយន្ត​២​គ្រឿង ម៉ូតូ​១​គ្រឿង សម្ភារ និង​ប្រាក់​ចំនួន​៤០​លាន​រៀល​ ។

ករណីនេះកើតឡើងនៅវេលា​ម៉ោង​១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ក្រុមទី​៣ ស្ថិតក្នុង​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។​

លោក​វរសេនីយ៍ទោ ឡុង យោធា​វិ​រះ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បានអោយដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ មាន​ទំហំ​៣៥​ម៉ែត្រ​x៦,៥​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​ម្ចាស់​ឈ្មោះ ណូ សុះ អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យ៉ា ស៊ី​រ៉ស់ អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម មុខរបរ​លក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ រស់នៅ​ចំណុច​ខាងលើ​។

ក្នុងការ​ឆាបឆេះ​នេះដែរ បាន​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង​ ប្រាក់​ខ្មែរ​ចំនួន ៨​លាន​រៀល និង​ឥ​វ៉ាន់​លក់ដូរ​មួយចំនួនទៀត សរុប​ជា​ទឹកប្រាក់​ទាំងអស់​ប្រហែល​៤០​លាន​រៀល​។​

តាម​ការបញ្ជាក់​ពី​ខាង​ម្ចាស់ផ្ទះ បាន​ប្រាប់ថា មុនពេល​កើតហេតុ​រូបគាត់​បាន​មានការ​ធ្វេសប្រហែស​ដោយ​ដាំបាយ​នៅក្បែរ​ធុងសាំង ទើប​បណ្តាលអោយ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង​។ ភ្លាមៗ​នោះ ក៏មាន​អ្នកស្រុក បាននាំគ្នា​រត់ចេញ​មក​ជួយ​អន្តរាគមន៍​បូមទឹក​ចេញពី​ស្ទឹង និង​អូរ​ខាងមុខ​បាញ់​ពន្លត់​ដែរ តែដោយសារ​អណ្តាតភ្លើង​ឆ្លាំង​ពេក​មិនអាច​ចូល​ជួយ​ពន្លត់​ទាន់ពេល​៕ សំ វិច្ឆិកា