ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសនិងប៊ែលហ្ស៊ីកត្រៀមលាក់ជើងសំខាន់ៗពេលប៉ះគ្នាក្នុងជំនួបចុងក្រោយពូល G

តោកំណាចអង់គ្លេសនឹងប៉ះជើងខ្លាំងប៊ែលហ្ស៊ីកនៅថ្ងៃព្រហស្បតិ៍ដែលជំនួបចុងក្រោយរបស់ក្រុមនីមួយនៅក្នុងពូល Gនៃកម្មវិធីពានរង្វាន់ពិភពលោកក្នុងប្រទេសរុស្ស៊ី។

ក្រុមទាំងពីរស៊ុទ្ធតែមានកៅអីលេងនៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នាដោយឈ្នះទាំង២ប្រកួតរៀងខ្លួននិងមាន៦ពិន្ទុដូចគ្នា។ លោកGareth Southgateអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិអង់គ្លេសបានថ្លែងថាគាត់នឹងដាក់កីឡាករសំខាន់ៗមួយចំនួនឲ្យសម្រាកប៉ុន្តែការប្រកួតពិតជាសំខាន់ដដែល។ គាត់បាននិយាយថា “សម្រាប់ប្រទេសអង់គ្លេសមិនចង់ឈរលេខរៀងទី២ក្នុងពូលឡើយ។ យើងចង់តែឈរកំពូលតារាងហើយចង់ឈ្នះគ្រប់ការប្រកួតទាំងអស់។ ប៉ុន្តែយើងក៏ត្រូវធ្វើយ៉ាងណាឲ្យកីឡាករទាំងអស់បានលេងពិសេសធ្វើឲ្យស្មើភាពនៅក្នុងកម្មវិធីនេះ។ Harry Kaneពិតជាចង់លេងព្រោះចង់បានពានស្បែកជើងមាស។”

ខ្សែប្រយុទ្ធ Harry Kane បានទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯង ជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះប៉ាណាម៉ា ៦-១ហើយសរុបទំាងអស់កីឡាកររបស់ក្លិប Spurs រូបនេះស៊ុតបាល់បាន៥គ្រាប់ហើយ។

ចំណែកឯលោក Martinezអ្នកចាត់ការទូរទៅរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ីវិញបានបង្ហើថាគាត់នឹងផ្លាស់ប្តូរកីឡាករច្រើនអាចរហូតដល់ទៅ១០នាក់ដើម្បីរក្សាកីឡាករល្អៗការពារមិនឲ្យមានរបួសសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។ កីឡាករម្នាក់របស់ប៊ែលហ្ស៊ីក បានកាតលឿងរួចស្រេច ខណៈ Eden Hazard និង Romelu Lukaku ទំនងមានការព្រួយបារម្ភជុំវិញបញ្ហារបួស៕ ដេវីត