ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស បញ្ជាក់ពីសម្ពន្ធមិត្តយ៉ាងរឹងមាំជាមួយអាមេរិក ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងឡុង

នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទៅកាន់ អង់គ្លេស រដ្ឋាភិបាលទីក្រុងឡុងបានបញ្ជាក់ជាថ្មីពីសម្ពន្ធមិត្តយ៉ាងរឹងមាំជាមួយអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថាទីក្រុងឡុងជាសម្ពន្ធមិត្តដ៏រឹងមាំបំផុតរបស់អាមេរិក។

ការប្រកាសខាងលើរបស់នាយករដ្ឋ មន្ត្រីអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលដែលយើងចាកចេញពីសហគមន៍អឺរ៉ុប យើងចាប់ផ្តើមបង្កើនទម្រង់ថ្មីសម្រាប់ អង់គ្លេស នៅលើពិភពលោកនេះ ក៏ដូចជា សម្ពន្ធមិត្តរបស់យើង ឲ្យកាន់តែខ្លាំងក្លា ជាងពេលណាទាំងអស់»។ នាយករដ្ឋមន្ត្រី អង់គ្លេសបានបញ្ជាក់ថា«គ្មានសម្ពន្ធមិត្តណាមួយរឹងមាំជាងសម្ពន្ធអាមេរិកនោះ ឡើយ ហើយក៏គ្មានសម្ពន្ធមិត្តណាមួយ សំខាន់ជាងនេះដែរ »។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ច នៅអង់គ្លេសរយៈ ពេលពីរថ្ងៃ គឺនៅថ្ងៃទី១២ខែកក្កដានេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំ ប្រទេសសមាជិកណាតូនៅទីក្រុងប្រ៊ុចសែល។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់ គ្លេស លោកត្រាំនឹងពិភាក្សាលើប្រធានបទជាច្រើនក្នុងនោះមានទាំង វិបត្តិនៅមជ្ឈិម បូព៌ា កិច្ចសហប្រតិបត្តិការ ក៏ដូចជាការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបញ្ចេញដោយការិយាល័យនាយករដ្ឋមន្រ្តីអង់ គ្លេស បានឲ្យដឹងថា លោកស្រី May នឹង ប្រើប្រាស់នូវឱកាសនេះ ដែលជាដំណើរ បំពេញទស្សនកិច្ចជាលើកដំបូងរបស់លោក ត្រាំ មកកាន់ចក្រភពអង់គ្លេស ក្នុងនាមជា មេដឹកនាំអាមេរិក ដើម្បីគូសបញ្ជាក់បន្ថែមពីអានុភាពនៃទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការសហការលើវិស័យការពារជាតិ សន្តិសុខ និង បញ្ហាទាក់ទិននឹងគោលនយោបាយការ បរទេស ព្រមទាំងលើកឡើងអំពីឱកាសដ៏ច្រើនលើសលប់ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅនៅតាមវិស័យនានាដូចជា ពាណិជ្ជកម្ម និងវិនិយោគ នាពេលអនាគត។

គួរជម្រាបថា លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេស នៅរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅទីក្រុងឡុង) ហើយនឹងត្រូវ ទទួលស្វាគមន៍ដោយ លោកស្រី May នៅឯវិមាន ប្លែនហេម (Blenheim) នា ពេលល្ងាច។ សម្រាប់នៅថ្ងៃសុក្រ លោក ប្រធានាធិបតីអាមេរិក នឹងចូលរួមទស្សនាការបង្ហាញពីសព្វាវុធ និងបច្ចេកវិទ្យាយោ ធាទំនើបៗ របស់ចក្រភពអង់គ្លេស រួមជា មួយការហ្វឹកហាត់រួមគ្នាមួយរបស់កងទ័ពអង់គ្លេស និងអាមេរិក។

ក្រោយមកទៀតលោក ត្រាំ នឹងត្រូវបន្ត ដំណើរទៅកាន់វិមាន Chequers ដើម្បីបើកកិច្ចពិភាក្សាទ្វេភាគីជាមួយលោកស្រី May ជុំវិញបញ្ហាជាច្រើនពាក់ព័ន្ធនឹងរុស្ស៊ី ពាណិជ្ជ កម្ម ការដកអង់គ្លេសចេញពីអឺរ៉ុប និងបញ្ហា មជ្ឈិមបូព៌ាជាដើម៕ ម៉ែវ សាធី