ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិថ្កោលទោសអុីស្រាអែលបាញ់សម្លាប់បាតុករជនជាតិប៉ាឡេស្ទីន

កម្លាំងទាហានអុីស្រាអែលបានបាញ់សម្លាប់បាតុករប៉ាឡេស្ទីន៧ នាក់ និងរបួសជាង២០០នាក់ទៀត នៅក្នុងបាតុកម្ម កាលពីថ្ងៃទី៦ ខែមេសា នៅព្រំដែនកាហ្សាជាប់អុីស្រាអែល។

កាលពីថ្ងៃទី៦ ខែមេសា អគ្គរដ្ឋទូតគុយវែត និងប៉ាឡេស្ទីន នៅអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់កម្លាំងទាហានអុីស្រាអែល ដែលបានបាញ់សម្លាប់ក្រុមបាតុករជនជាតិប៉ាឡេស្ទីន។ តាមមន្ត្រីសុខាភិបាលនៅតំបន់កាហ្សាបានឲ្យដឹងថា កម្លាំងទាហានអុីស្រាអែលបានបាញ់សម្លាប់បាតុករ៧នាក់ និងជាង២០០នាក់រងរបួស នៅក្នុងបាតុកម្មកាលពីថ្ងៃទី៦ ខែមេសា។

ការធ្វើបាតុកម្មកាលពីថ្ងៃទី៦ ខែមេសា គឺមានអ្នកចូលរួមតិចជាង កាលពីថ្ងៃទី៣០ ខែមីនា។ ពលរដ្ឋប្រមាណ២មុឺននាក់បានចូលរួមនៅក្នុងបាតុកម្មនោះហើយ ក៏បានរំសាយវិញនៅពេលយប់។ អំពើហិង្សាបានកើតឡើងនៅពេលដែលកម្លាំងទាហានអុីស្រាអែលបានប្រើប្រាសឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមបាតុករ។ អគ្គរដ្ឋទូតគុយវែតប្រចាំនៅអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពរបស់អុីស្រាអែល។

អគ្គរដ្ឋទូតគុយវែត លោក Otaibiបានបញ្ជាក់ថា «យើងសូមថ្កោលទោសយ៉ាងខ្លាំង ទៅលើសកម្មភាពសម្លាប់បាតុករប៉ាឡេស្ទីន។ សាជាថ្មីម្តងទៀត យើងសូមអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ បើកការស្រាវជ្រាវដោយឯករាជ្យ លើករណីសម្លាប់ក្រុមជនជាតិប៉ាឡេស្ទីនពីសំណាក់ ទាហានអុីស្រាអែល។ សហគមន៍អន្តរជាតិចាំបាច់ត្រូវតែការពារពលរដ្ឋប៉ាឡេស្ទីន»។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួនបានបង្ហាញក្តីព្រួយបារម្ភ ជុំវិញអំពើហិង្សាទៅលើក្រុមបាតុករ ដោយបានអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់។

អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យអនុវត្តការអត់ធ្មត់អតិបរមានៅតំបន់ហ្គាហ្សា ក្នុងស្ថានភាពបច្ចុប្បន្ន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីស្ថានភាពនៅតំបន់ហ្គាហ្សា លោក Stephane Dujarricអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា លោកអគ្គលេខាធិការបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ដើម្បីជៀសវាងការប្រឈមមុខ និងអនុវត្តការអត់ធ្មត់ជាអតិបរមា ការប្រុងប្រយ័ត្នបំផុតពីការប្រើកម្លាំងប្រដាប់អាវុធ ដើម្បីជៀសវាងគ្រោះថ្នាក់។

អ្នកនាំពាក្យរូបនេះ បានបន្ដលើកឡើងថា លោកអគ្គលេខាធិការ បានកត់សម្គាល់ថា ជនស៊ីវិលត្រូវតែមានសិទ្ធិធ្វើបាតុកម្មដោយសន្តិភាព៕ ម៉ែវ សាធី