ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​លើកលែងទោស​អន្តរជាតិៈ​ យោធា​នី​ហ្សេ​រី​យ៉ា​ជា​អ្នក​ទទួលខុសត្រូវ​ករណី​ស្លាប់​អ្នកទោស​ជាង​៨​ពាន់​នាក់​

​អង្គការ​លើកលែងទោស​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​បាន​អះអាង​ថា​ មនុស្ស​ជាង​៨​ពាន់​ នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​ដែល​ត្រូវ​ឃុំខ្លួន​ដោយ​កម្លាំងប្រដាប់អាវុធ​នី​ហ្សេ​រី​យ៉ា​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​។​ ការ​ចោទប្រកាន់​នេះ​ ត្រូវ​កម្លាំងយោធា​នី​ហ្សេ​រី​យ៉ា​ច្រានចោល​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បញ្ជាក់​ថា​ អ្នកទោស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ និង​អ្នកខ្លះ​ទៀត​ត្រូវធ្វើ​ទារុណកម្ម​ ព្រមទាំង​គ្មាន​ការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ​ដល់​អ្នក​ទាំងនោះ​ផង​ដែរ​។​

​ក្រុម​បូ​កូ​ហា​រ៉ា​ម​បាន​ផ្ទុះ​ឡើង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​នេ​ហ្សេ​រី​យ៉ា​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ​ បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​ និង​ជាង​១.៥​លាន​នាក់​បាត់បង់​ទីជម្រក​។​ ក្រុម​បូ​កូ​ហា​រ៉ា​ម​ធ្វើ​សកម្មភាព​ដណ្តើម​ទឹកដី​នី​ហ្សេ​រី​យ៉ា​ដើម្បី​បង្កើត​រដ្ឋ​អិ​ស្លា​មកា​លី​ផេ​ត​ ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ និង​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​បំផុត​នៅ​តំបន់​អាហ្វ្រិក​។​

​ប្រធានាធិបតី​ថ្មី​នី​ហ្សេ​រី​យ៉ា​ លោក​ Muhammadu​ Buhari​ បាន​ប្តេជ្ញា​ថា​ រដ្ឋាភិបាល​របស់​លោក​មិន​អត់ឱន​ដល់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​ទាំងនេះ​ឡើយ​ ដោយ​បាន​ស្វែងរក​ការ​គាំទ្រ​ ក៏​ដូច​ចូលរួម​ពី​ប្រទេស​ណៃ​ជឺ​ និង​ប្រទេស​ឈា​ដ​ ដែល​ជា​ប្រទេស​ភូមិ​របង​ជាមួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ឧទ្ទាម​។​

​កម្លាំង​ទាហាន​នី​ហ្សេ​រី​យ៉ា​បាន​ធ្វើ​ប្រតិបត្តិការ​ដណ្តើម​ទឹកដី​ពី​ក្រុម​ឧទ្ទាម​មក​គ្រប់គ្រង​វិញ​ ។​ នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​បញ្ជាក់​ថា​ កម្លាំង​ទាហាន​បាន​ចាប់ខ្លួន​បុរស​ យុវជន​ និង​ក្មេង​ប្រុស​អាយុ​៩-១០​ឆ្នាំ​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​ ។​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ មាន​អ្នកខ្លះ​ត្រូវ​សម្លាប់​ អ្នកខ្លះ​ស្លាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង​ ប្រសិនបើ​គ្រួសារ​របស់​ពួក​គេ​គ្មាន​ប្រាក់​បង់​លោះ​។​

​ប្រភព​បន្ត​ថា​ មនុស្ស​ជាង​១២០០​នាក់​ត្រូវ​បាន​ប្រហារជីវិត​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ និង​ជាង​៧​ពាន់​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ និង​ការ​ឃុំខ្លួន​ក្នុង​បន្ទប់​តែ​មួយ​ ប៉ុន្តែ​ដាក់​អ្នកទោស​ច្រើន​នាក់​។​

​ទោះបី​យ៉ាងណា​ កម្លាំង​ទាហាន​នី​ហ្សេ​រី​យ៉ា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រាន​ចោលការ​ចោទប្រកាន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ខាងលើ​នេះ​៕