ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​អង្កេត​ការណ៍ពី​៤៥០០នាក់ដល់​៥០០០​នាក់​

ភ្នំពេញ៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​អង្កេត​ការណ៍ នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ២០១៨ ដែល​ចំនួន​ពី​៤ ៥០០នាក់ដល់៥០០០​នាក់​។

សេចក្តីជូនដំណឹងកាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៨ ACU នឹង​ទទួល​ចុះឈ្មោះ​ចំពោះ​អ្នក​មានបំណង​ស្ម័គ្រចិត្ត​ចូលរួម​អង្កេត​ការណ៍​នេះ ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា រហូត​គ្រប់​ចំនួន​កំណត់ ​។​

ការជ្រើសរើសនឹងផ្តល់អាទិភាពដល់អ្នកធ្លាប់ចូលរួមសង្កេតការណ៍ប្រឡង ដោយទទួលចុះឈ្មោះតាមរយៈប្រព័ន្ធ តេឡេក្រាម ក្រុម « BacII Obs 2017-2018 » ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ កក្កដា ។

សម្រាប់អ្នកធ្លាប់សង្កេតការណ៍ តែមិនទាន់មានឈ្មោះក្នុងក្រុម « BacII Obs 2017-2018 » សូមទាក់ទងចុះឈ្មោះតាមលេខទូរស័ព្ទ ០៧០ ៤៥៤ ៥១១ និង ០៩៦ ៦៦៦ ៦៥០៨ ។

អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកទូលាយទទួលចុះឈ្មោះអ្នកមានបំណងចង់ចូលរួម ចាប់ពីថ្ងៃទី១០ កក្កដា រហូតដល់គ្រប់ចំនួនកំណត់ នៅទីស្នាក់ការអង្គភាព ។ អ្នកមានបំណងស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ អាចទទួលបានពាក្យស្នើសុំចូលរួមសង្កេតការណ៍ស្ម័គ្រចិត្តពីគេហទំព័រអង្គភាព (www.acu.gov.kh) ឬគេហទំព័របណ្តាញសង្គម (www.facebook.com/acukhmer) ឬអាចទាក់ទង ០១៥ ៣៣៣ ៩០១ និង ០៨៩ ៤៤៤ ៥៣៨ ។

គួររំលឹកថា កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្នក​អង្កេត​ការណ៍​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៧-២០១៨ មាន​ជាង ៦​ពាន់​នាក់ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ៕ ថាច់ យ៉ាត