ព័ត៌មានទាន់ហេតុការណ៍៖

អណ្តូងស្នប់៥គ្រឿងសម្រេចជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ក្រោមការជ្រោមជ្រែងរបស់ឧត្តមសេនីយ៍ទោ ស្នងការនគរបាល

ខេត្រពោធិ៍សាត់៖ ដោយមានការផ្តួចផ្តើមពីលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ័ត្ន ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុឃើញថា ដោយមានការខ្វះខាតប្រភពទឹកនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ដូច្នេះថ្នាក់ដឹកនាំស្នើសុំគម្រោងជាថវិកាពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ ដើម្បីសុំចំណាយទៅលើការបុកអណ្តូងស្នប់ប្រភេទឥណ្ឌាចំនួន ០៥គ្រឿង ក្នុងគោលបំណងបំពេញកង្វះខាតទឹកជូនកងកម្លាំងនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនៅដាច់ស្រយ៉ាល និងងាយស្រួលក្នុងការប្រើប្រាស់ទាំងកងកម្លាំង និងប្រជាពលរដ្ឋ។

លោក វរសេនីយ៍ទោ ជា ប៊ុនឡេង នាយការិយាល័យគណនេយ្យបានឲ្យដឹងនៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា អណ្តូងស្នប់ប្រភេទឥណ្ឌាចំនួន ០៥គ្រឿង ដែលជាគម្រោងផ្តល់តាមប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកចំនួន ០៤ គឺស្រុកក្រគរ,ស្រុកកណ្តៀង,ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ធ្វើសម្រេចបានជាស្ថាពរ និងបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញ។

លោក នាយការិយាល័យគណនេយ្យតំណាងលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្តថា អណ្តូងស្នប់ទាំងចំនួន ០៥គ្រឿងក្រុមការងារផែនភស្តុភារ និងហិរញ្ញវត្ថុបានពិនិត្យជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ហើយឃើញថាទឹកដែលចេញពីអណ្តូងស្នប់ប្រភេទឥណ្ឌានេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋ អាចទទួលយកប្រើប្រាស់បាន។

កងកម្លាំងនគរបាល និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន មានការត្រេតអរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលមានគំនិតផ្តួចផ្តើម ឲ្យមានអណ្តូងស្នប់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយរួមគ្នាថែរក្សាអណ្តូងទឹកនេះ ឲ្យបានល្អ ដើម្បីជាប្រយោជន៍យូរអង្វែង៕ ប៉ឹម ពិន