ព័ត៌មានទាន់ហេតុការណ៍៖

អណ្តើក​ហ្លួង​០១​សំបុក រកឃើញ​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​

​កោះកុង​៖ ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល ជលផល អង្គការ​WCS និង​ប្រជាជន​សហគមន៍ បាន​រកឃើញ​អណ្តើក​ហ្លួង ចំនួន​០១​សំបុកមាន​ពង​ចំនួន​១៦​គ្រាប់​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិតនៅ​ក្នុងភូមិ​ព្រះអង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ អង្គការ​WCS បានផ្តល់​ការងារ​ដល់​សមាជិក​ស​ហគ​មន៍​ចំនួន​០៤​នាក់​ឲ្យ​យាម​សំបុក​អណ្តើក​ហ្លួង​នេះ រហូតដល់​កូន​វា​ញាស់​។ វា​គឺជា​សំបុក​អណ្តើក​ហ្លួង ទី​០១​ដែល​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

​អណ្តើក​ហ្លួង ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ជា​ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ​បំផុត និង​ស្ថិត​ក្នុងចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង រងគ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ការដាក់​ឈ្មោះ​អណ្តើក ហ្លួង​យ៉ាង​ដូច្នេះ ពីព្រោះ​កាលពីមុន​មានតែ​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ ដែល​អាច​សោយ​ពង​វា​បាន​។ ព្រះរាជក្រឹត្យ​នស​/​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ បានដាក់​បញ្ចូល​អណ្តើក​ហ្លួង​ជា​ប្រភេទ សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។​

​លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាល​ជលផល និង​ជាម​ន្ត្រី​សម​ភាគី​របស់​អង្គការ WCS បាន​និយាយថា​៖ “​ចាប់ពីពេលនេះ​រហូតដល់​ខែមីនា គឺជា​រដូវ​ការ ពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង ដូច្នេះហើយ​ក្រុម​អ្នក​អភិរក្ស​កំពុង តែ​ស្វែងរក​ទីតាំង​សំបុក​ពង​កូន​របស់​ពួកវា​។ ប្រសិនបើ​រកឃើញ យើង​នឹង​ធ្វើការ​ជាមួយ​ប្រជាជន​សហគមន៍ ដើម្បី​ការពារ រហូតដល់​កូន​វា​ញាស់ ហើយ​យើង​នឹង​យក​កូនអណ្តើក​ហ្លួង ទាំងនោះ​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង ដើម្បី​ចិញ្ចឹម និង​ថែរក្សា រហូតដល់​ពួកវា​ធំ​ពេញវ័យ​ទើប​លែង​ទៅក្នុង ធម្មជាតិ​វិញ​។​”

​លោក ហ៊ុល បន្តថា​៖ “​យើង​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍ រស់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​សារៈសំខាន់​សត្វ​អណ្តើក​ហ្លួង ដែលជា​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​កំពុងតែ​រងគ្រោះ​ជិត​ផុត​ពូជ​។ ការប្រមូល​យក​ពង​កូន ឬ​ចាប់យក មេអណ្តើក​ហ្លួង​មក​លក់ ឬ​ហូប គឺជា​សកម្មភាព​ខុសច្បាប់​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​”

#​អណ្តើក​ហ្លួង​ធ្លាប់​ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០០​នៅពេល​រដ្ឋបាល​ជលផល និង​អង្គការ​WCS បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​ចំនួន​សេសសល់​តិចតួច របស់​វា​មាន​រស់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ប៉ុណ្ណោះ​ក្នុងប្រទេស​កម្ពុជា​។ នៅក្នុង​ឆ្នាំ​២០០១ រដ្ឋបាល​ជលផល និង​អង្គការ WCS បានរៀបចំ​កម្មវិធី​ការពារ​សំបុក ដោយមាន​ការចូលរួម​ពី​ប្រជាជន សហគមន៍​រស់នៅក្នុង​ស្រុកស្រែ​អំបិល ដោយបាន​ជ្រើស​រើសយក​អតីត អ្នកប្រមូល​ពង និង​កូន​សត្វ​អណ្តើក​ហ្លួង ឲ្យ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក គម្រោង​ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​អណ្តើក​ហ្លួង​ជំនួស ឲ្យ​ការ​ប្រមូលយក​ពង​កូន​ទៅ​លក់​។​

​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ប្រចាំខេត្ត កោះកុង​នៃ​អង្គការ​WCS បាន​និយាយថា​៖ “​ទោះបី​ទទួលបាន​ជោគជ័យ ក្រោយពេល​រកឃើញ​ពួកវា​ម្តងទៀត​នៅក្នុង​ឆ្នាំ​២០០០ អណ្តើក​ហ្លួង​នៅតែ ប្រឈម​នឹង​ការ​ផុត​ពូជ​។ សំបុក​ពង​កូន​របស់​វា​រកឃើញ​ជា​រៀងរាល់ឆ្នាំ មាន​ចំនួន​តិចតួច​ណាស់ ដោយ​សំបុក​ពងអណ្តើក​ហ្លួង​តែ​០៣​ប៉ុណ្ណោះ រកឃើញ​សម្រាប់​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។​”

​លោក ស៊ីថា បាន​បន្តថា​៖ “​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹកជា​ទីជម្រក និង​ការនេសាទ​ខុសច្បាប់ កំពុងតែ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​រស់ នៅ​ការ​របស់​សត្វ​អណ្តើក​ហ្លួង​។ ប្រជាជន​គ្រប់រូប​ក៏​អាច​ចូលរួម​អភិរក្ស អណ្តើក​ហ្លួង​ដែលជា​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន ដោយ​បញ្ឈប់​ការទិញ ឬ​បរិភោគ​សាច់ និង​ពង​សត្វ​អណ្តើក​ហ្លួង​ជាដើម​៕​

អត្ថបទនិងរូបភាព៖ គេហទំព័រក្នុងស្រុក