ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែប្រយុទ្ធ Arsenal ថាលោកArsene Wengerគួរចាកចេញមុនរដូវកាលចប់

លោក Ian Wright អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal ថា លោក Arsene Wengerមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាគ្រូបង្វឹកបន្តរហូតដល់ចប់រដូវកាលនោះទេ។

លោក Ian Wrightដែលធ្លាប់រកបាន១៨៥គ្រាប់ក្នុងចំណោម២៨៨ប្រកួតឲ្យ Arsenalក៏បានចោទប្រកាន់កីឡាករបច្ចុប្បន្នរបស់ក្រុមកាំភ្លើងធំថា មិនយកចិត្តទុកដាក់លេងហើយម្ចាស់ក្លិបក៏មិនខ្វាយខ្វល់ទៀត។

នៅពេលជាមួយគ្នានេះក៏មានព័ត៌មានថា Arsenal ពិចារណាបណ្ដេញ លោក Arsene Wenger ចេញពីតំណែងនៅចុងរដូវកាលប្រសិនបើកាំភ្លើងធំមិនអាចលេងនៅ Champions League នារដូវកាលក្រោយ។

ឱកាសចុងក្រោយរបស់អ្នកចាត់ការវ័យ៦៨ឆ្នាំ គឺពឹងលើពាន Europa League ដែល Arsenal ត្រូវប្រឈមមុខជាមួយ AC Milan វគ្គ១៦ក្រុម។ បើឈ្នះពានក្រុមមូលដ្ឋាននៅទីក្រុងឡុងនឹងបានលេង Champions League ដោយស្វ័យប្រវត្តិ ហើយកៅអី Wenger ក៏មិនរង្គោះរង្គើអ្វីដែរ តែបើធ្លាក់ចេញទៀតគឺជោគវាសនារបស់លោកនឹងដល់ទីបញ្ចប់ហើយ។

បុគ្គល៤រូបអាចឈានជើងទៅជំនួសកៅអីនៅ Arsenal ក្នុងករណីមានការរុះរើក្នុងនោះមាន លោក Leonardo Jardim របស់ Monaco, Joachim Low គ្រូបង្វឹកអាល្លឺម៉ង់, Brendan Rodgers របស់ Celtic និងអតីតកីឡាករ Arsenal លោក Mikel Arteta កំពុងធ្វើគ្រូជំនួយ Man City ៕ ដេវីត