ព័ត៌មានទាន់ហេតុការណ៍៖

អតីតតារាសម្តែងល្បីឈ្មោះអ្នកនាង អម្ពរ ទេវី ពិចារណាសំណើមកសម្តែងរឿងភាគជាថ្មី

ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែង អស់រយៈពេលជាង១ទស្សវត្សរ៍មកហើយ ប៉ុន្តែក្នុងអំឡុងខែសីហាឆ្នាំ២០១៦អ្នកស្រី បានវិលមកកម្ពុជាជាមួយកូនប្រុស ហើយអតីតស្វាមីនាងគឺលោក ពេជ្រ ភារុណក៏បានទៅទទួលផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ អ្នកស្រីបានចូលរួមសម្តែងភាពយន្ត និង បទចម្រៀងរបស់ផលិតកម្មថោនគឺរឿង”ទឹកចិត្តម្តាយសម័យថ្មី” ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។

កាលពីឆ្នាំមុននេះតារាសម្តែងស្រីល្បីឈ្មោះអ្នកស្រីអម្ពរទេវី បានបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំមួយដែលដឹកនាំការផលិតដោយអ្នកស្រីពាន់ភួងបុប្ផា គឺរឿង”ទឹកចិត្តម្តាយសម័យថ្មី”។ គេទើបនឹងទទួលដំណឹងថ្មីថាអ្នកស្រីកំពុងពិចារណាវិលមករកការសម្តែងភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ។ ព្រោះតែមើលឃើញពីការគាំទ្រនេះទើបមានផលិតកម្មធំក្នុងស្រុកមួយគ្រោងផលិតភាពយន្តភាគចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ដោយព្យាយាមទាក់ទងអ្នកស្រីមកចូលរួមថត។ នេះបើតាមការបញ្ជាក់របស់តារាសម្តែងជើងចាស់ម្នាក់បានទម្លាយប្រាប់។ ប្រភពបន្តថា ពេលនេះតារាសម្តែងជើងចាស់ខាងកំពុងតែលៃលកពេលវេលាសមរម្ភណាមួយធ្វើដំណើរមកកម្ពុជា ហើយប្រសិនបើដូចការចចាមែននេះភាពយន្តនេះនឹង ចាប់ពីដើមឆ្នាំក្រោយនេះតទៅ។ មានការបញ្ជាក់ដែរថា តម្លៃខ្លួននៃការថតភាពយន្តរបស់តារាស្រីរូបនេះក៏មិនធម្មតានោះដែរ ហើយផលិតករត្រូវរ៉ាប់រងទាំងមធ្យោបាយធ្វើដំណើរ អាហារ និងសណ្ឋាគាសម្រាប់ស្នាក់នៅក្នុងរយៈពេលវែងផងដែរ។ ប្រភពដដែលលើកឡើងថា ការអញ្ជើញឲ្យតារាសម្តែងជើងចាស់រូបនេះចូលរួមសម្តែងព្រោះតែគេយល់ថាភាពយន្តដែលអ្នកស្រីគ្រោងសម្តែងនោះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដែលធ្លាប់គាំទ្រស្នាដៃសម្តែងរបស់អ្នកស្រី។

គួរបញ្ជាក់ដែរថាបច្ចុប្បន្នអតីតារាសម្តែង អម្ពរទេវីកំពុងរស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាងអម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម៕ វឌ្ឍនា