ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ថ្លែងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៦ អំឡុងពេលស្តាប់សក្ខីកម្មក្នុងសំណុំរឿង ០០២/០២

ភ្នំពេញ៖ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៦ អំឡុងពេលស្តាប់សក្ខីកម្មក្នុងសំណុំរឿង ០០២/០២ថា កាលដែលជនជាប់ចោទ នួន ជា អះអាងថាលោកមិនលោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស-២១ គឺខុសទាំងស្រុង និងគ្មានន័យឡើយ។ ការថ្លែង បែបនេះរបស់ឌុចដើម្បីឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ សាលី សាក់ដែលស្នើសុំឱ្យឌុច ឆ្លើយតបនឹងការលើកឡើងរបស់ជនជាប់ចោទ នួន ជា កាលពីបួនឆ្នាំមុនថា លោកមិនលោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស-២១នោះឡើយអ្វីដែលឌុចបានចោទប្រកាន់មកលោកគឺជារឿង មិនពិតប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់លោក នួន ជា។ នួន ជា អះអាងថាលោកមិនដែលបញ្ជា មិនដែលបានទទួលឯកសារពីឌុចឡើយ ហើយលោកក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ។

ឌុចបានថ្លែងថា ៖ «អ្វីដែលឌុចបានចោទប្រកាន់មកខ្ញុំគឺជារឿង មិនពិតប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលបញ្ជា ខ្ញុំមិនដែលបានទទួលឯកសារពីឌុចឡើយ ហើយខ្ញុំក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ។ការបដិសេធរបស់ពូនួន (នួន ជា) ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថាដល់អីចឹងសោះ។ មន្ទីរស-២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំ និងការបញ្ជារបស់បក្សកុម្មុយនិស្តកម្ពុជា។ គោលនយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជាថាខ្មាំងត្រូវតែកម្ទេច វាចេញនៅឆ្នាំ១៩៧១ នៅក្នុង មហាសន្និបាតលើកទី៤របស់បក្ស។នៅក្នុងមហាសន្និបាតនោះហើយដែលគេចាត់តាំងខ្ញុំឱ្យធ្វើជាប្រធានមន្ទីរសន្តិសុខភូមិភាគពិសេសដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់សាមជិកមជ្ឈិមម្នាក់ គឺវន វេត ដែលជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស។នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា នរណាមិនគោរពបក្ស នរណាធ្វើការងារដោយគ្មានលេខា និងអនុលេខាបក្សសម្រេច? ដូច្នេះការបដិសេធរបស់ពូ នួន គឺគ្មានន័យឡើយ»។

ទាក់ទងនឹងការចូលរួមទូទៅរបស់ នួន ជា ត្រូវបានឌុចបញ្ជាក់ថា រចនាសម្ព័ន្ធចាត់តាំងរបស់មជ្ឈិមបក្ស គឺ នួន ជា មានតួនាទីជាអនុលេខាធិការមជ្ឈិមបក្សផង ហើយជាសមាជិក ការិយាល័យមជ្ឈិមបក្ស ឬការិយាល័យ ៨៧០។ ការិយាល័យ ៨៧០ នេះរួមមាន ប៉ុល ពត នួន ជា អៀង សារី សុន សេន វន វ៉េត និងខៀវ សំផន។ ឌុចបានបន្ថែមថា បើទោះបីជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៧ លោកមិនបានជួបដោយផ្ទាល់ជាមួយ នួន ជា ក៏ដោយ តែតាមរយៈ សុន សេន មានការលើកឡើងពីតួនាទីរបស់គណៈមជ្ឈិម ការិយាល័យ ៨៧០ និងបញ្ជាក់ថាមុននឹងធ្វើ អ្វីមួយ សុន សេន ត្រូវស្នើសុំយោបល់ពីប៉ុល ពត និងនួន ជា លេខា និងអនុលេខាបក្សកុម្មុយនិស្តជាមុនសិន។

ឌុចបានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថាយោងតាមឯកសារបក្ស គេបាននិយាយពីរបបប្រធានពីរ ដែលត្រូវដឹង ទាំងអស់គ្នា ប្រសិនបើមួយមិននៅ មួយទៀតអាចចាត់ការបាន។ សាក្សីបានបញ្ជាក់ថាក្រោយពីថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៧ នៅពេលសុន សេន ទទួលបញ្ជាឱ្យទៅសមរភូមិ លោកបានធ្វើការងារផ្ទាល់ជាមួយ នួន ជា។ ឌុចបានថ្លែង ថា លោក នួន ជា បានហៅលោកទៅជួបនិងបានប្រាប់លោកថា សុន សេន ត្រូវបានបញ្ជូនទៅកាន់សមរភូមិហើយ គឺឌុចត្រូវធ្វើការជាមួយគាត់។ តាមឌុច មន្ទីរស-២១ ត្រូវបានគេស្គាល់ថាជាមន្ទីរនគរបាលមជ្ឈិមព្រោះមន្ទីរនេះទទួលបានការណែនាំ បញ្ជាគណៈអចិន្ត្រៃយ៍មជ្ឈិមបក្ស ឬការិយាល័យនយោបាយមជ្ឈិម/មន្ទីរ ៨៧០។

ទាក់ទងនឹងការកោះហៅឌុចឡើងមកផ្តល់សក្ខីកម្មនេះ ត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឱ្យដឹងថា ធ្វើឡើងក្នុងក្របខណ្ឌនៃការជំនុំជម្រះក្តីក្នុងសំណុំ រឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន នៅក្នុងប្រធានបទទីបួនទាក់ទងនឹងមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១ ។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល ០៩ ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ ២០១២។ កាំង ហ្កេកអ៊ាវ គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខ អ.វ.ត.ក។ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.កបានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។

ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែតុលា ឆ្នាំ ២០១៤ មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន ៨៥ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៩ រូប និងអ្នកជំនាញចំនួន ៣ រូប សម្រាប់សវនាការចំនួន ១៨៩ ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការស្តីពីមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការគឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះអង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាមហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ ២០១៧ ៕

ECH_5403

ECH_5369

ECH_5364

ECH_5353

ECH_5316