ព័ត៌មានទាន់ហេតុការណ៍៖

អតីតមេដឹកនាំនៅលើពិភពលោកជាច្រើនរូបត្រូវបានកាត់ទោសជាប់ពន្ធនាគារ

ភាគច្រើនអតីតមេដឹកនាំ ដែលត្រូវតុលាការកាត់ទោស ក្រោយពេលបញ្ចប់តំណែងជាប្រធាធិបតី នោះគឺនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយការកាត់ទោសភាគច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយ។

បន្ទាប់ពីអតីតប្រធានាធិបតីបារាំង ត្រូវបានចោទប្រកាន់ពីបទ ទទួលសំណូក និងទទួលប្រាក់ពីអតីតមេដឹកនាំលីប៊ី ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានលើកឡើងពីមេដឹនាំផ្សេងទៀត ដែលត្រូវកាត់ទោសជាប់ពន្ធនាគារ ក្រោយអស់អំណាច។ នៅពេលនេះ អតីតប្រធានាធិបតីបារំាង លោក នីកូឡាស សាកូហ្ស៊ី បើត្រូវតុលាការកាត់ទោស នោះអាចជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ។

ជាមួយគ្នានេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ ក៏ប្រឈមនិឹងការជាប់ពន្ធនាគារយ៉ាងតិច៤៥ឆ្នាំផងដែរ ប្រសិនបើតុលាការរកឃើញកំហុសនោះ។ នៅពេលនេះ តុលាការកូរ៉េខាងត្បូង បានសម្រេចចិត្តចេញដីកាឃាត់ខ្លួនអតីតប្រធានាធិបតី លោក លី ម្យុងបាក់ (Lee Myung-bak) ពាក់ព័ន្ធនឹងបទចោទប្រកាន់ជុំវិញការប្រព្រឹត្តអំពើពុករលួយ ដែលអាចឲ្យលោកជាប់ពន្ធនាគារ៤៥ឆ្នាំ នៅក្នុងករណីដែលគេរកឃើញថា លោកបានប្រព្រឹត្តកំហុសទាំងនោះមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

លោក លី ម្យុងបាក់ មានអាយុ៧៧ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការស៊ីសំណូក ពុករលួយ គេចពន្ធ និងបទចោទដទៃទៀតក្នុងនោះរួមមានទាំងការទទួលលុយ ១០,២លានដុល្លារ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងបណ្ដាក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។

មួយវិញទៀត តាមរយៈការចេញដីកាចាប់ខ្លួននេះ លោក លី បានក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចុងក្រោយ ដែលប្រឈមមុខនឹងការកាត់ទោសពីបទពុករលួយ ខណៈដែលសាលក្រមទៅលើអតីតប្រធានាធិបតីមួយរូបទៀត គឺលោកស្រី ផាក គឿនហេ ដែលត្រូវបានបណ្តេញចេញពីអំណាច កាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែរនោះ នឹងត្រូវប្រកាសនៅអំឡុងខែមេសា ខាងមុខនេះ។

គួរបញ្ជាក់ថា លោក លី ម្យុងបាក់ បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ លោកបានច្រានចោលរាល់ការចោទប្រកាន់មកលើរូបលោក ដោយអះអាងថា វាគឺជាការសងសឹកផ្នែកនយោបាយពីសំណាក់រដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក មូន ជេអុីន។

ជាមួយគ្នានេះដែរ លោកស្រី ផាក គឿនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ក៏កំពុងជាប់ឃុំពាក់ព័ន្ធអំពើពុករលួយ ធ្វើឡើងដោយមិត្តភក្តិជិតស្និទ្ធិរបស់លោកស្រី។

ក្រៅពីនេះនៅមានអតីតប្រធានាធិបតីជាច្រើនរូបទៀត ត្រូវបានកាត់ទោស ក្នុងនោះមានអតីតប្រធានធិបតី អេហ្ស៊ីប លោក Mohamed Mursi ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ២៥ឆ្នាំ។

អតីតប្រធានាធិបតី ប្រេស៊ីល លោក ឡូឡាឌឺ ស៊ីលវ៉ា ត្រូវកាត់ទោសជាប់ពន្ធនាគារពីបទពុករលួយ៕ ម៉ែវ សាធី

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់

លោកស្រី ផាក គឿនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង

អតីតប្រធានធិបតី អេហ្ស៊ីប លោក Mohamed Mursi