ព័ត៌មានទាន់ហេតុការណ៍៖

អតីតសកម្មជនបក្សសង្គ្រោះជាតិដែលបង្ហោះព័ត៌មានបំភ្លៃស្រ្ដីម្នាក់ទៅបោះឆ្នោតជ្រលក់ម្រាមដៃ២ដងនៅខេត្តឧត្ដរមានជ័យសារភាពកំហុស

ខេត្តឧត្តរមានជ័យ ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ Hang Meang khou ដែល បង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ជាអ្នក លក់គុយទាវនៅស្រុកចុងកាល់ទៅបោះឆ្នោតជ្រលក់ម្រាមដៃ២ដងបានលុយ២ដងនោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ហើយកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១ ខែ សីហា ឆ្នាំ២០១៨ ខណៈដែលជននេះ ត្រៀមចេញទៅប្រទេសថៃ ។

លោកស្នងការនគរបាលបានបញ្ជាក់ ថា «កម្លាំងយើងបានឃាត់ខ្លួនម្ចាស់គណនី ហ្វេសប៊ុកបានហើយនៅវេលាម៉ោងជាង ១១ព្រឹកនៅស្រុកអន្លង់វែងមុនពេលជន នេះត្រៀមចេញទៅប្រទេសថៃ។ ក្រោយ ការសួរនាំបុរសរូបនេះបានសារភាពថារូបគេបាននិយាយខុសពីការពិត ហើយយកទៅបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនាំឲ្យមានការយល់ច្រឡំ។ ដូច្នេះបុរស រូបនេះបានសុំទោសដល់មហាជនទូទៅ ព្រមទាំងបានសន្យាបញ្ឈប់សកម្មភាពបែបនេះទៅថ្ងៃក្រោយ» ។

នៅក្នុងវីដេអូជាងមួយនាទីបុរសរូបនេះដែលជាអតីតសកម្មជនរបស់គណបក្ស សង្គ្រោះជាតិបានសារភាពយ៉ាងដូច្នេះថា «រឿងខ្ញុំបង្ហោះថា បោះឆ្នោត២ដងបានលុយ ២ដងគឺពាក្យនេះមិនពិតទេ ខ្ញុំសូមអធ្យា ស្រ័យសុំទោសដល់មហាជនទាំងអស់គ្នា។ ថ្ងៃក្រោយខ្ញុំសូមសន្យាមិនបំភ្លៃព័ត៌មាន តទៅទៀតទេ» ។

ពាក់ព័ន្ធចំណាត់ការយ៉ាងណានេះលោកស្នងការនគរបាលខេត្តបានថ្លែងថា ក្រោយ បញ្ចប់ការសួរនាំ និងការសារភាពរបស់ជន នេះនគរបាលរបស់លោកបានអនុញ្ញាតឲ្យជននេះត្រឡប់ទៅវិញបន្ទាប់ពីធ្វើកិច្ចសន្យា ព្រមទាំងបានអប់រំណែនាំកុំឲ្យប្រព្រឹត្តទង្វើបែបនេះបន្តទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨ មានព័ត៌មានយល់ច្រឡំមួយដែលបង្កើតឡើងដោយក្រុមប្រឆាំងនៅក្នុង ប្រទេសកម្ពុជាត្រូវគេយកទៅបង្ហោះជាមួយនឹងរូបភាពស្ដ្រីម្នាក់នៅលើបណ្ដាញសង្គម ហ្វេសប៊ុកពាក់ព័ន្ធការជ្រលក់ចង្អុលដៃ២ ដង(ចង្អុលដៃឆ្វេង និងដៃស្ដាំ) នៅពេលស្ដ្រី រូបនេះទៅបោះឆ្នោតដោយក្រុមប្រឆាំង សរសេរថា «ស្ដ្រីរូបនេះបានទៅបោះឆ្នោត ២ដងនិងបានលុយ២ដងផងដែរ» ។

ក្រោយពីមានការបង្ហោះព័ត៌មានខុសពីការណ៍ពិតដែលនាំឲ្យមានការយល់ច្រឡំពីមហាជនទូទៅនៅលើគណនីហ្វេសប៊ុក ឈ្មោះ Hang Meang khouដែលជាសកម្ម ជនម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិនោះអាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្ដរមាន ជ័យបានចាប់ផ្ដើមស្រាវជ្រាវ ហើយចុះទៅ សួរនាំផ្ទាល់ ជាលទ្ធផលទើបដឹងការណ៍ ពិតច្បាស់មិនមែនដូចការចោទប្រកាន់ និងខ្លឹមសារបង្ហោះនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកនោះឡើយ ។

ស្ដ្រីម្នាក់ឈ្មោះ ជឿយ ចាន់នី អាយុ៥១ ឆ្នាំ មានមុខរបរជាអ្នកលក់គុយទាវ និង បបរស្ថិតក្នុងភូមិគោកវត្ត ឃុំ-ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យដែលត្រូវបានគណនី ហ្វេសប៊ុកឈ្មោះ Hang Meang khou បង្ហោះរូបថតគាត់មួយសន្លឹកដោយលើក ចង្អុលដៃប្រឡាក់ទឹកថ្នាំបោះឆ្នោតទាំង២ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកនេះនៅតាមដងផ្លូវទៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យខ្ញុំបានឈានចូលញ៉ាំអាហារពេលព្រឹក បងស្រីបង្ហាញចង្អុលដៃទាំង២របស់គាត់ឲ្យខ្ញុំមើលគាត់សួរខ្ញុំថា ហេតុអ្វីប្អូនអត់ ទៅបោះឆ្នោត? គាត់អួតប្រាប់ខ្ញុំថា ចំណែក ខ្ញុំបោះឆ្នោតបាន២ដងបានលុយ២ដង»។

នៅចំពោះមុខភា្នក់ងារយកព័ត៌មានអ្នកស្រី ជឿយ ចាន់នី បានលាតត្រដាងពីហេតុ ការណ៍យ៉ាងដូច្នេះថា នៅថ្ងៃបោះឆ្នោតអ្នក ស្រីពិតជាបានទៅចូលរួមបោះឆ្នោតប្រាកដមែន ហើយពេលជ្រលក់ទឹកថ្នាំត្រូវបាន មន្ដ្រី គ.ជ.ប. នៅក្នុងការិយាល័យបោះឆ្នោត ចាប់ចង្អុលដៃខាងស្ដាំរបស់អ្នកស្រីឲ្យ ជ្រលក់ ប៉ុន្ដែដោយសារចង្អុលដៃរបស់អ្នកស្រីនៅជាប់ខ្លាញ់សាច់ជ្រូកមន្ដ្រីគ.ជ.ប. គិតថា ខ្លាចមិនប្រឡាក់ខ្លាំងក៏ឲ្យអ្នកស្រី លូកចង្អុលដៃខាងស្ដាំនេះម្ដងទៀត។ ប៉ុន្ដែ ដោយស្ដាប់មិនទាន់អ្នកស្រីក៏យកចង្អុលដៃខាងឆ្វេងទៅលូកដោយខ្លួនឯងទើបធ្វើឲ្យចង្អុលដៃរបស់អ្នកស្រីប្រឡាក់ទាំង២យ៉ាងដូច្នេះ ។

អ្នកស្រី ជឿយ ចាន់នី បានបញ្ជាក់ថា លុះព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ចន្លោះម៉ោង៧ទៅម៉ោង៨ស្រាប់តែមាន មនុស្ស៤នាក់ជិះរថយន្តមួយគ្រឿងក្នុង ទិសដៅពីខេត្តសៀមរាបមកខេត្តឧត្តរមានជ័យ ហើយចូលហូបគុយទាវនៅហាងរបស់ អ្នកស្រី។ ពេលដែលចូលហូបនោះពួកគេបានឃើញចង្អុលដៃអ្នកស្រីប្រឡាក់ទាំង២ក៏បានសួរនាំរួចបានថត ហើយយកទៅបង្ហោះតាមហ្វេសប៊ុកខុសពីការណ៍ពិតយ៉ាងដូច្នេះ។ ពេលនោះអ្នកស្រីមិនបាននិយាយទាល់តែសោះថា «បោះឆ្នោត២ដងបានលុយ២ដងនោះឡើយ»គឺខុសពីការណ៍ពិតទាំងស្រុង ដែលនាំឲ្យជ្ឈមដ្ឋាននានាមានការយល់ច្រឡំមកលើអ្នកស្រី ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Hang Meang khou បានបង្ហាញថា បុរសរូបនេះជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដោយសារតែ Profile របស់រូប គេឃើញបង្ហោះរូបថតពាក់អាវគណបក្សសង្គ្រោះជាតិ និងថតជាមួយលោក កឹម សុខា ព្រមទាំងសកម្មភាពនានាជាមួយ អតីតគណបក្សប្រឆាំងមួយនេះ ៕ ប៉ែន នួន