ព័ត៌មានទាន់ហេតុការណ៍៖

អតីត​សង្ឃ​ ហន​ សុផាន្នី​ ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ក្នុង​ពន្ធនាគារ​ដដែល​

ភ្នំពេញ​៖ លោក​ ងួន​ អ៊ីម​ ប្រធាន​ក្រុម​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃទី​២១​ ខែ​សីហា​ សម្រេច​បន្ត​ឃុំ​ខ្លួន​អតីត​សង្ឃ​ ហន​ សុផាន្នី​ ក្នុង​ពន្ធនាគារ​ដដែល​ ក្រោយ​បញ្ចប់​សវនាការ​ជា​អសាធារណៈ​ ។

លោក​មេធាវី​ ជូង​ ជូងី​ ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​សីហា​ នេះ​ថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ដើម្បី​ឲ្យ​តុលាការ​ដោះលែង​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។

អតីត​សង្ឃ​ ហន​ សុផាន្នី​ ត្រូវ​បាន​លោក​ លី​ សុខា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់ចំនួន២បទល្មើសគឺ បទ​កាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍​ តាមមាត្រា៤៩០ មាត្រា៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

NKD-36x6_outline

គួរ​បញ្ជាក់​ថា​ កម្លាំងនគរបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះ​សង្ឃ​មួយ​អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត​បាត់ដំបង​ ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុង​វត្ត​ដំរីស​ ៕​ ចេស្តា