ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិក កីឡាជនពិការ ទាំង១០១នាក់ បានបង្ហូតទង់ជាតិកម្ពុជា នៅម៉ាឡេស៊ី មុនកម្មវិធី អាស៊ានប៉ារ៉ាហ្គេមបើកជាផ្លូវការ

កូឡាឡាំពួក ៖តាមសេចក្តីរាយការណ៍ ពីទីក្រុងកូឡាឡាំពួក ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ប្រតិភូ អត្តពលិកជនពិការ របស់កម្ពុជា ទាំង១០១នាក់ បានចេញទៅបង្ហូតទង់ជាតិ ដូចអត្តពលិក មកពីបណ្តាប្រទេសដទៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ មុនកម្មវិធី អាស៊ានប៉ារ៉ាហ្គេម បើកជាផ្លូវការណ៍នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក យី វាសនា នាយបេសកកម្ម និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៧ អត្តពលិកជនពិការកម្ពុជា ទាំងអស់ បាននាំគ្នាចេញទៅបង្ហូតទង់ជាតិ របស់ខ្លួននៅទីក្រុងកីឡាឡាំពួក ប្រទេសម៉ាឡេស៊ី រួចហើយ ដើម្បីត្រៀមចូលរួមកម្មវិធីបើជាផ្លូវការ នូវព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី ៩ ដែលមានអត្តពលិកជនពិការ មកពីបណ្តាប្រទេសសមាជិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោកបានបន្តថា ក្រោយពីអត្តពលិកជនពិការកម្ពុជា ទៅដល់ប្រទេសម៉ាឡេស៊ី កីឡាករទាំង១០ប្រភេទ បានចូលទីលានហ្វឹកហាតរៀងៗខ្លួន ។ លោកបន្តថា រហូតមកដល់ថ្ងៃកីឡាករ កីឡាការិនីជនពិការកម្ពុជាទាំងអស់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រកួតដណ្តើមជ័យលាភីក្នុងកម្រិតមេដាយណាមួយតាមវិញ្ញាសា និងប្រភេទកីឡាផងដែរ។ កីឡាទាំង១០ប្រភេទរួមមាន អត្តពលកម្ម .បាញ់ធ្នូ .ប៊ូខ្យែ. បាល់បោះជនពិការផ្នែក. លើកទម្ងន់.បាល់ទះអង្គុយ. ហែលទឹក .វាយកូនឃ្លីលើតុ.ថេនភីនប៊ូលីង.បាល់ទាត់ជនពិការចលករខួរក្បាល។ មន្រ្តីសម្របសម្រួលរូបនេះ បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ចាប់ដំណើរការប្រកួតពីថៃ្ងទី១៧ ដល់ថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក បន្តទៀតថា កាលពីឆ្នាំ២០១៥កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសង្ហបុរី កម្ពុជាបានបញ្ជូនអត្តពលិជនពិការបានត្រឹមតែ៣ប្រភេទកីឡាតែប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបន្ថែមប្រភេទកីឡាចំនួន៧បន្ថែមទៀត ដើម្បីឲ្យប្រភេទកីឡាថ្មីទាំងនេះ ទទួលបានបទពិសោធន៍ពីការប្រកួត ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ៕ សារីម