ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តន៍តាមដីកាឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោក

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ និងប៉ុស្តិ៍បានអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួន ឃុំខ្លួនឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨ ចំនុចផ្លូវបេតុង ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងជំនាញខណ្ឌប៉ុស្តិ៍បានចាប់ឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះហាក់ ចាន់នី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩៥អ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ តាមដីកាបង្គាប់អោយចាប់ខ្លួន ឃុំខ្លួនលេខ ៣២៨ ដ ច ន ចេញដោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញថ្លាង ផាណែត ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ពីបទ ឆបោក កាលកំឡុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។

បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ និងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់៕ អារុណរះ