ព័ត៌មានទាន់ហេតុការណ៍៖

អន្ទិតទើបសឹកបាន២ថ្ងៃ ចូលម៉ាស្សាប្រជាពលរដ្ឋស្មានថា ជាសង្ឃក្លែងក្លាយប្ដឹងឲ្យប៉ូលិសឃាត់នាំទៅសាកសួរ

ភ្នំពេញ៖ អន្ទិតទើបសឹកម្នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍កាកាបចាប់ខ្លួន បន្ទាប់ពីបើករថយន្ត១គ្រឿង ដែលជារថយន្តរបស់ព្រះគ្រូចៅអធិការវត្តអូរគគី ធ្វើដំណើរមកភ្នំពេញ ហើយបានចូលទៅកន្លែងម៉ាស្សាកោសជប់មួយកន្លែង ដើម្បីឲ្យនាងៗជួយម៉ាស្សាឲ្យកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សាកោសជប់ ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញគួរឲ្យសង្ស័យ ព្រោះតែនៅក្នុងរថយន្តនោះមានបាត្រ និងស្បង់ចីវរ ហើយអន្ទិតម្នាក់នោះ ក៏មានសក់នៅខ្លីថែមទៀតផងនោះ ស្មានថាជាសង្ឃក្លែងក្លាយ ទើបរាយការណ៍ប្រាប់ឲ្យប៉ូលិសចុះទៅចាប់ខ្លួនតែម្ដង ។

អន្ទិតម្នាក់នោះ ឈ្មោះជា សុវណ្ណាត អាយុ៣៥ឆ្នាំ បួសជាសង្ឃនៅក្នុងវត្តអូគគីរ ដែលមានទីតាំងស្ថិតនៅភូមិអូរគគី ឃុំសុពណ៌មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើត នៅក្នុងភូមិថ្មី សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះរថយន្ត១គ្រឿង ម៉ាកកាមរីគូថប៉ោង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្ដាល 2A-0807 ដែលជារថយន្តរបស់គ្រូចៅអធិការវត្តខាងលើនោះ ហើយនៅក្នុងរថយន្តនោះ មានបាត្រ រួមជាមួយស្បង់ចីវររបស់ព្រះគ្រូចៅអធិការផងដែរ ។

នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ អន្ទិតខាងលើនោះ បានបើករថយន្តរបស់ព្រះគ្រូចៅអធិការវត្តចេញដើរលេង នៅក្នុងរាជធានីភ្នំពេញ បន្ទាប់មកបានចូលទៅក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង នៅក្នុងបុរីញូវថោន មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខណៈនោះប្រជាពលរដ្ឋមានការសង្ស័យថា គាត់គឺជាសង្ឃក្លែងក្លាយ ព្រោះសក់ដុះខ្លីដូចព្រះសង្ឃ មិនតែប៉ុណ្ណោះនៅក្នុងរថយន្ត មានទាំងបាត្រ និងចីវរថែម ទៀតផង ហើយប្រជាពលរដ្ឋក៏បាន រាយការណ៍ជូនប៉ូលិសឲ្យចុះទៅពិនិត្យមើល និងឃាត់ខ្លួននាំទៅសាកសួរ ទើបដឹងថា គាត់ជាអតីតសង្ឃដែលទើបសឹកចាកសិក្ខាបទបាន២ថ្ងៃមុននេះប៉ុណ្ណោះ ។

ដោយការអផ្សុកពេក នឹកចង់ភ្លក្សរស់ជាតិម៉ាស្សា ទើបយករថយន្តព្រះគ្រូចៅអធិការវត្តបើកដើរលេង និងចូលទៅឲ្យនាងៗម៉ាស្សា ហើយក៏ជាប់អន្ទាក់ប៉ូលិសតែម្ដង ប៉ុន្តែក្រោយពេលសាកសួរដឹងសាច់រឿង ប៉ូលិសបានទាក់ទងទៅកាន់ចៅអធិការវត្តអូរគគីរ ឲ្យទៅធានាទើបដោះលែងទៅវិញ និងប្រគល់រថយន្តនោះទៅឲ្យណ្រះគ្រូ ចៅអធិការវត្តវិញហើយដែរ ៕ សុខាសែនជ័យ

image1 image2 image3