ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​ ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី​ (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ​៖ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ សរសេរ​ថា​ នេះជាមោទនភាពថ្មីមួយទៀត សម្រាប់​ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។

សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ទទួល​បានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។

ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើម​មេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ​ Runabout 1100 Stock ។

ការប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៨នេះ​ គឺចាប់នៅថ្ងៃទី​១៨​ សីហា​ ដល់​ ថ្ងៃទី០២​ កញ្ញា​ ឆ្នាំ២០១៨​ ហើយគិតត្រឹមថ្ងៃនេះកម្ពុជាយើងទទួលបានមេដាមាស២​គ្រឿង និងសំរឹទ្ធ១គ្រឿង​ ដែលនេះគឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលយើងដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ។

សម្តេច​តេជោ​ សូម​ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ ចម្រើន គ្រប់ៗគ្នា​និងសូមរីករាយដំណើរកម្សាន្តនាចុងសប្តាហ៍នេះ៕ចេស្តា