ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅស្នើអោយមន្ត្រីពាក់ព័ន្ធបញ្ជៀបការយល់ដឹងពីសាវ៉ាដឹកជញ្ជូនតាមរថយន្តក្រុងដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ដើម្បីបញ្ជៀបការយល់ដឹងដល់ប្រជាពលរដ្ឋពីការទទួលបានសេវ៉ារថយន្តក្រុងលោក ចេង មុនីរ៉ា បានស្នើដល់លោកគ្រូ អ្នកគ្រូ ចៅសង្កាត់ ម្ចាស់រោងចក្រ សហគ្រាស សូមមេត្តាជួយពន្យល់ពីការប្រើប្រាស់នូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដល់សិស្សានុសិស្ស កម្មករ កម្មការិនី ប្រជាពលរដ្ឋ អោយជ្រាបកាន់តែច្បាស់អំពីតម្រាយផ្លូវរត់របស់រថយន្តក្រុង និងរបៀបជិះរថយន្តក្រុង ដែលទាមទារមានការចូលរួមសហការគ្នា ដើម្បីសំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយល់ដឹងពីការធ្វើដំណើរតាមរថយន្តរបស់សាលារាជធានីភ្នំពេញ ។

នេះជាប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងលោក Kimiri Takahashi ប្រធានក្រុមជំនាញទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA)នាព្រឹកថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីមន្ត្រីរាជការ ម្ចាស់រោងចក្រ សហគ្រាស អាជីវករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង១០០នាក់ផងដែរ ។

ក្នុងនោះលោក ចេង មុនីរ៉ា បានរំលឹកពីប្រសាសន៍សម្តេចតេជោដែលបានលើកឡើងកាលពីពេលពេលថ្មីនេះ ដែលបានអនុញ្ញាតិអោយកម្មករ-កម្មការិនី បានជិះរថយន្តក្រុងដោយឥតគិតប្រាក់យ៉ាងតិចពីរឆ្នាំ ក្នុងនោះផងដែរក៍បានណែនាំអោយភាគីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការអនុវត្តប្រសាសន៍របស់សម្តេចតេជោអោយមានប្រសិទ្ធិភាពផងដែរ។

ជាមួយគ្នានេះ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់ថា រដ្ឋបាលរាជធានីគ្រោងបង្កើត APP នៅក្នុងទូរស័ព្ទដៃ ដើម្បីងាយស្រួលអោយប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តក្រុងសាធារណៈ ងាយស្រួលនិងដឹងពីពេលវេលា ទីតាំងចំណត តម្រាយផ្លូវធ្វើដំណើរ ជាមួយនោះគ្រោងនឹងបង្កើតប្រព័ន្ធទូទាត់បែប អេឡិកត្រូនិចពីសាច់ប្រាក់មកជាការឆូតកាតវិញ ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឺងមួយ ដល់កម្មករ កម្មការិនីទាំងអស់ ដើម្បីជួយសំរួលដល់ការចំណាយលើមធ្យាបាយប្រចាំថ្ងៃ សំដៅលើកកម្ពស់ ជីវភាពប្រចាំថ្ងៃ តាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលអនុញ្ញាតិអោយកម្មករ កម្មការិនីទាំងអស់ ជិះរថយន្តក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃសេវារយៈពេល២ឆ្នាំ ដោយគ្រាន់តែបង្ហាញកាតការងារតែប៉ុណ្ណោះ ជាមួយគ្នានោះ លិខិតដដែលក៏បានអោយដឹងថា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការលើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់ប្រជាពលរដ្ឋព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីរដ្ឋបានរាជធានីក៏បានធ្វើការកែសម្រួលតម្រាយផ្លូវចាស់ ព្រមទាំងដាក់ដំណើរការតម្រាយខ្សែរត់ថ្មីបន្ថែមទៀតផងដែរ៕ សណ្តោស