ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅស្នើឲ្យមន្ត្រីគ្រប់ផ្នែកត្រូវរួមផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ដើម្បីពង្រឹងការអនុវត្តការងារ គ្រប់ផ្នែកនៅក្នុងកិច្ចការរដ្ឋបាលទូទៅ របស់ខណ្ឌច្បារអំពៅឲ្យ មានប្រសិទ្ធភាព ជាថ្មីម្តងទៀត លោកចេង មុនីរ៉ា អភិបាលខណ្ឌ បានស្នើឲ្យមន្ត្រីគ្រប់ផ្នែក គ្រប់ការិយាល័យ ត្រូវរួមគ្នាអនុវត្តភារកិច្ចប្រកបដោយឆន្ទៈ មានភាពទទួលខុសត្រូវ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព ជាពិសេស គឺការងារផ្តល់សេវាសាធារណៈគ្រប់ផ្នែកជូនប្រជាពលរដ្ឋ ។

ការដាស់តឿនក្រើនរំលឹកជាថ្មីដល់មន្ត្រីគ្រោមឱវាទនេះ បានថ្លែងនៅក្នុងវេទិកាសាធារណៈ ជាមួយក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាល កងរាជអាវុធហត្ថ មន្ត្រីការិយាល័យជំនាញ ចំណុះថ្នាក់ដឹកនាំភូមិ ក្នុងខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យ លោក _លោកស្រីជាចៅសង្កាត់ទាំង៨ សរុបទាំងអស់ជិត៤០០នាក់ ។

វេទិកាសាធារណៈជាមួយក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាល កងរាជអាវុធហត្ថ មន្ត្រីការិយាល័យជំនាញ ចំណុះថ្នាក់ដឹកនាំភូមិ ក្នុងខណ្ឌច្បារអំពៅ គឺមានគោលបំណង់ដើម្បីឲ្យសមាជិកចូលរួមក្នុងអង្គវេទិកាលើកឡើងពីបញ្ហាសំខាន់ៗជាអាទិភាព រួមមានការអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព , ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ , ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ , ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ បរិស្ថាន រួមទាំងបញ្ហាមួយចំនួនទៀត សំរាប់ឲ្យរដ្ឋបាលខណ្ឌយកទៅពិចារណា កែទម្រង់ក្នុងការអនុវត្តសកម្មភាពរបស់គណៈអភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌ ។

បន្ទាប់ពីស្តាប់មតិលើកឡើងរបស់សមាជិកអង្គវេទិកា លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅបានថ្លែងដូច្នេះថា សេវាមានច្រើនប្រភេទណាស់ ប៉ុន្តែសេវាសន្តិសុខជាកត្តាចាំបាច់ និងសំខាន់បំផុត ទាំងមន្ត្រីតូច មន្ត្រីធំត្រូវការសេវាសន្តិសុខខ្លាំងណាស់ សូមឲ្យមន្ត្រីទាំងអស់ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌត្រូវរួមគ្នាអនុវត្តសេវាសន្តិសុខជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ។ ដោយឡែក សេវាផ្សេងៗទៀតរដ្ឋបាលខណ្ឌបានធ្វើការកែទំរង់ឲ្យបានប្រសើឡើងថែមទៀត ដោយប្រកាន់ខ្ជាប់នូវគោលការ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព ។

ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីចំនុចគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់ច្រាំងបាក់ ដែលជាដេប៉ូលក់ឈើ និងមានភាពរញ៉េរញ៉ៃធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះ លោកអភិបាលបានថ្លែងសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ តែដល់ថ្ងៃឱសាទវាទហើយ និងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលហើយមិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ សូមកុំអន្តរាគមន៍ឲ្យសោះ ។ ចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកទំនិញផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសូមចាប់ជាបន្ទាន់មិនមានការយោគយល់ទេ ព្រោះយើងជាអ្នកបំរើប្រជាពលរដ្ឋ មិនឲ្យបុគ្គល ដែលជាអ្នករកស៉ីធ្វើអ្វីស្រេចតែ និងចិត្តនោះទេ សូមចាប់ទៅដើម្បីឲ្យម្ចាស់រថយន្តរៀងចាល និងចូលខ្លួនមកធ្វើកិច្ចសន្យាហើយផាកពិន័យ ដើម្បីយកថវិការមកលើកទឹកចិត្តដល់កងកម្លាំង ដែលចុះប្រតិបត្តិការ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំឲ្យលោក លោកស្រីជាចៅសង្កាត់ និងមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវ ដែលរងនូវការខូចខាតត្រូវធ្វើរបាយការណ៍មកការិយាល័យជំនាញ់ដើម្បីបញ្ជូនគ្រឿងចក្រទៅជួសជុលជាបន្ទាន់ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។ លើសពីនេះទៀតរដ្ឋបាលខណ្ឌច្បារអំពៅ និងធ្វើការកែលម្អអំពីការផ្តល់សេវាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៍ស៉ីជម្រៅ និងជាក់លាក់ ប្រកបដផយប្រសិទ្ធភាព តម្លាភាព រហ័សតាមពេលកំណត់ និងតាមនីតិវិធីសាមញ្ញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ៕ សណ្តោស