ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវ និងលូ ជូនប្រជាពលរដ្ឋក្នុងភូមិសំបួរ សង្កាត់ដង្កោ

ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង​០១ខ្សែ ប្រវែង ១៨៦ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់បំពង់លូមូលរំដោះទឹក ០១ខ្សែ ប្រវែង ២៨០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីបន្តជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនបន្ថែមទៀត។

លោកអភិបាល បានប្តេជ្ញាអនុវត្ត ដោះស្រាយបញ្ហានានាដែលបានសន្យាជាមួយប្រជាពលរដ្ឋ មុនបោះឆ្នោត ឲ្យបានជោគជ័យ ហើយ ផ្លូវបេតុងថ្មី និងប្រព័ន្ធលូរំដោះទឹក ដែលបើក​ការដ្ឋានស្ថាបនានៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំបួរ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរ បញ្ជៀសការលិចលង់នៅរដូវវស្សា និងបង្កើន​សោភណ្ឌភាព នៃការរស់នៅផងដែរ។

ជាមួយគ្នា លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ចូលរួម​សហការក្នុងការស្ថាបនាឲ្យបានឆាប់រួចរាល់ និងចូលរួមថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែង។

បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំបួរ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់ និងជួយសម្រួល​ដល់ការរស់នៅប្រចាំថ្ងៃផងដែរ ៕ ជីម ភារ៉ា