ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ​​ គ្រោងនឹងរំលាយសហគមន៏គ្រប់គ្រង មណ្ឌលទេសចរណ៍ទន្លេបាទីចេញបន្ទាប់ពីមានការរិះគន់

ខេត្តតាកែវៈ ក្រោយពីមានការរិះគន់ដ៏ចម្រូងចម្រាស ពាក់ព័ន្ធរឿងសហគមន៍គ្រប់គ្រងមណ្ឌលទេសចរណ៍ទន្លេបាទី បានប្រព្រឹត្តអំពើពុករលួយនិងគាបលុយឆៅៗពីភ្ញៀវទេសចរត្រូវបានលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវគ្រោងនឹងរំលាយចោល ។

លោក ឡាយ វណ្ណៈអភិបាលខេត្តតាកែវបានឲ្យដឹងថាលោកនឹងបើកការស៊ើបអង្កេតលើសហគមន៍គ្រប់គ្រងមណ្ឌលទេសចរណ៍ ទន្លេបាទីថាបានប្រព្រឹត្តដូចការលើកឡើងពីសំណាក់ភ្ញៀវទេសចរឬយ៉ាងណា ។

លោកបានមានប្រសាសន៍ទៀតថា កាលពីមុន មណ្ឌលទេសចរទន្លេបាទីគ្រប់គ្រងដោយក្រុមហ៊ុនឯកជនមួយហើយក្រុមហ៊ុននោះបានគាបសង្កត់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាពិសសបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរត្រូវបានលោកដកក្រុមហ៊ុននេះចេញលែងឲ្យគ្រប់គ្រងមណ្ឌលទេស ចរណ៍ទន្លេបាទីទៀតរួចលោកបានបង្កើតក្រុមសហគមន៍ឲ្យគ្រប់គ្រងជំនួសវិញ ។

លោកបានបន្ដទៀតថាបច្ចុប្បន្នលោក ទទួលបានព័ត៌មានដ៏ក្ដៅគគុកថាសហគមន៍ដែលលោកបានបង្កើតឡើងនោះកំពុងគាបប្រជាពលរដ្ឋ និង ភ្ញៀវទេសចរខ្លាំងក្លាបំផុត តាមរយៈការលក់ក្នុងតម្លៃថ្លៃដែលប្រជាពលរដ្ឋមិនអាចទទួលយកបានការគិតលុយជា របៀបបោកប្រាស់ភ្ញៀវទេសចរ ការរៀបចំគម្រោងបន្លំក្រុមភ្ញៀវទេសចរតាមរយៈគិតលុយដោយលើកហេតុផលផ្ទុយពីផ្លូវច្បាប់ ។

លោកឡាយ វណ្ណៈបានបញ្ជាក់បន្ថែមថាលោកបានបញ្ជាទៅលោកអ៊ុក រី អភិបាលស្រុកបាទីឲ្យចុះទៅបើកការស៊ើបអង្កេតជាបន្ទាន់ក្នុងរណីនេះព្រោះបើបណ្ដែតបណ្ដោយយូរវានឹងធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ ។

តាមសេចក្ដីរាយការណ៍ពីសំណាក់ភ្ញៀវទេសចរបានឲ្យដឹងថាអ្នកលក់ដូរនៅមណ្ឌលទេសចរទន្លេបាទីបានគិតលុយបន្លំភ្ញៀវដូចជា អស់៧០.០០០រៀល ដាក់១៧០.០០០រៀលបើភ្ញៀវណាតវ៉ាក្រុមអ្នកលក់នៅទីនោះថាគិតច្រឡំ ។ ចំពោះម្ហូបអារហារវិញអ្នកមកសួរតម្លៃផ្សេងដល់ពេលគិតលុយស្រាប់តែអ្នកផ្សេងមកគិតហើយបានកាប់ថ្លៃផ្សេងពីអ្នកមកសួរដល់ពេលគេរករឿង ឆ្លើយដោះសាដាក់គ្នាទៅវិញទៅមក ។

គួរបញ្ជាក់ថាភ្ញៀវទេសចរ ដែលមក ទស្សនាតាមមណ្ឌលកម្សាន្ដនានាក្នុងខេត្តតាកែវក្នុងឆ្នាំ២០១៥មានការធ្លាក់ចុះយ៉ាងគំហុកនេះបណ្ដាលមកពីបញ្ហានៃការគ្រប់គ្រងដែលគ្មានការទទួលខុសត្រូវច្បាស់លាស់ ការប្រព្រឹត្តអំពើពុករលួយ ៕ ដោយ ៖ ជីសូរកា
44-330x230

77-330x230