ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលទីតាំងកំពុងឈូសឆាយធ្វើតារាងបាល់ទាត់ខ្នាតអន្តរជាតិ និងគម្រោងស្ថាបនាអាងស្ដុកទឹក និងប្រព័ន្ធលូ ដើម្បីរំដោះទឹកនៅក្នុងបរិវេណវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ ឯកលោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនឹងឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកនាយករងវិទ្យាល័យស្វាយរៀង និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញចុះពិនិត្យមើលទីតាំងកំពុងឈូសឆាយធ្វើតារាងបាល់ទាត់ខ្នាតអន្តរជាតិ និងគម្រោងស្ថាបនាអាងស្ដុកទឹក និងប្រព័ន្ធលូ ដើម្បីរំដោះទឹកនៅក្នុងបរិវេណវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ។

លោកនាយករងវិទ្យាល័យស្វាយរៀងបានថ្លែងថា ដោយមានការផ្ដួចផ្ដើម និងមានការឧបត្ថមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានពិនិត្យមើល និងបានសម្រចយកទីទាំងទីធ្លារបស់វិទ្យាល័យស្វាយរៀង ដែលទំនេរមកកសាងជាទីលានតារាងបាល់ទាត់ដ៏ធំខ្នាតអន្តរជាតិមួយដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់អោយមានការរីកចម្រើនខណះមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជនយុវនារីរាប់ម៉ីននាក់នៅពេលប្រកួតបាល់ទាត់ម្ដងៗ។

លោកបន្តថាចំពោះទីធ្លាដែលកំពុងឈូសឆាយធ្វើទីលានបាល់ទាត់គឺមានទទឺង១៦០ម៉ែត្រ និងបណ្ដោយប្រវែង៣០០ម៉ែត្រផងដែរ ។

លោកបន្ថែមទៀតថា នៅរដូវវស្សាជារៀងរាល់ឆ្នាំ បរិវេណមួយផ្នែកនៃវិទ្យាល័យស្វាយរៀង តែងតែជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប៉ះពាល់ដល់អគារសិក្សា ក៏ដូចជាការសិក្សារបស់សិស្សានុសិស្ស ជាពិសេសនៅពេលចូលបវេសនកាលឆ្នាំសិក្សាថ្មី ។

ដោយមើលឃើញពីការលំបាកនេះ លោកអភិបាលបានរៀបចំឲ្យមន្ទីរជំនាញសិក្សាគម្រោងដើម្បីរៀបចំជាអាងស្ដុកទឹក និងប្រព័ន្ធលូ នៅក្នុងបរិវេណវិទ្យាល័យស្វាយរៀងតែម្ដង ដែលក្រោយពីស្ថាបនារួច នឹងមានលទ្ធផលរំដោះទឹកចេញបានទាន់ពេលវេលា និងអាចបញ្ចៀសការជន់លិចពីជំនន់ទឹកភ្លៀងបាន ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ សមិទ្ធផលធំៗចំនួនពីរបន្ថែមទៀត នឹងលេចរូបរាងឡើងនៅចំកណ្ដាលក្រុងស្វាយរៀង រួមមានច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច និងទីលានកីឡាពហុជំនាញ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ដែលសមិទ្ធផលធំៗទាំងពីរនេះ មិនត្រឹមតែចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្នុងក្រុងឲ្យកាន់តែមានភាពស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការផ្ដល់នូវទីតាំងសមស្របសម្រាប់ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡា របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ៕ យឹម សុថាន