ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខណ្ខមានជ័យចុះត្រួតពិនិត្យទីតាំងអាជីវកម្មលក់មាន់ ដែលបង្កផលប៉ះពាល់ដល់សុខភាព

ភ្នំពេញ៖ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ បាន​ដឹកនាំមន្រ្តីជំនាញចុះ​ពិនិត្យ​ទី​តាំង​ អាជីវកម្ម​លក់​មាន់​ ដែលបាន​បង្ក​ផល​ប៉ះពាល់សុខភាព​ដល់​អ្នក​រស់នៅ​ជិត​ខាង​។

កាលពីព្រឹក​ថ្ងៃ​ពុធ​ ៣កើត​ខែ​ ភទ្របទ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ ក្រុម​ការងារ​ រដ្ឋបាល​ខណ្ឌ​មានជ័យ​ ដែល​ដឹក​នាំ​ដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ បាន​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ អាជីវកម្ម​លក់​មាន់​ របស់​ឈ្មោះ​ ប្រាក់​ ស្រីមុំ​ ដែល​មានទីតាំង​ស្ថិត​នៅ​ ផ្លូវ​ បេតុង​ ភូមិ​ចំរើន​ផល៣​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​បាន​បង្ក ផលប៉ះពាល់​ដល់អ្នក​រស់​នៅ​ជិត​ខាង​ ។

ការចុះត្រួតពិនិត្យនេះមានការចូលរួមពី លោក​ ខេង​ គឹម​សាន​ ប្រធាន​ការិយាល័យ​ ឧស្សាហកម្ម​ ខណ្ឌ​មានជ័យ​, លោក​ស្រី​ ណុប​ ណាវី​ ប្រធាន​ការិយាល័យ​ កសិកម្ម​ ខណ្ឌ​មានជ័យ, លោក​ ទិត​ សៅ​ ប្រធាន​ការិយាល័យ​បរិស្ថាន​ ខណ្ឌ​មានជ័យ​, លោក​ សួស​ សារិន​ ចៅ​សង្កាត់​បឹង​ទំពុន​ទី​១​ និង លោក​ មេភូមិចំរើនផល៣ ផងដែរ។

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ ក៏បាន​​ណែនាំ​ ម្ចាស់​អាជីវកម្ម​លក់​មាន់ ត្រូវ​រៀប​ចំ​បែប​បទ​សុំ​ច្បាប់​អនុញ្ញាត​ (បន្ត​ច្បាប់​), ត្រូវ​រៀប​ចំ​សម្អាត​ទី​តាំង​ជា​ប្រចាំ​ មានការ​បាញ់ទឹកសំអាត រៀបចំ​ទុកដាក់​កាកសំណល់​ រឹង​ និង​ រាវ​ ឲ្យបាន​ត្រឹមត្រូវ​ រៀប​ចំ​កាកសំណល់​រាវ​ មុនបង្ហូរបញ្ចូលទៅក្នុងបឹងត្រូវបាច​កំបោរ​ ឬ​ IM កន្លែង​ស្តុក​មាន់ដើម្បីកាត់បន្ថយក្លិន នឹងត្រូវ​រៀបចំ​ធ្វើ​កិច្ច​សន្យា​បរិស្ថាន​ ជាមួយ​ការិយាល័យ​បរិស្ថាន​៕ តាឡឹម