ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១

​ភ្នំពេញ​ ៖​ ដើម្បី​ចូលរួម​ទិវា​សម្អាត​បរិស្ថាន​ពិភពលោក​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​រស់​ សុ​ភ័ក្ដ្រ​ អភិបាលរង​តំណាង​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ដឹកនាំ​កម្លាំង​២​សង្កាត់​ រួម​មាន​សង្កាត់​ព្រែក​ឯង​ និង​សង្កាត់​ក្បាលកោះ​ ចុះ​សម្អាត​បរិស្ថាន​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ ដោយ​ដុត​កម្ទិច​កាក​សំណល់​ស្ងួតៗ​ ដូច​ជា​សំរាម​ជាដើម​។​ ចំពោះ​កាក​សំណល់​ដែល​មាន​ជាតិ​សំណើម​ ត្រូវ​បាន​ក្រុម​ការ​ប្រមូល​ច្រក​ថង់​វេច​ខ្ចប់​យក​ទៅ​បោះចោល​នៅ​កន្លែង​ផ្សេង​។​

​លោក​ រស់​ សុ​ភ័ក្ដ្រ​ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​ជា​ទិវា​បរិស្ថាន​ពិភពលោក​ ដោយឡែក​សាលា​ខណ្ឌ​ច្បារ​អំពៅ​បាន​ចុះ​សម្អាត​បរិស្ថាន​នៅ​ទូ​ទាំង​ខណ្ឌ​ ហើយ​ផ្លូវជាតិ​លេខ​១​នេះ​ មាន​ប្រជាពលរដ្ឋ​បោះចោល​កាក​សំណល់​ជា​ច្រើន​ នៅ​តាម​បណ្ដោយ​ដងផ្លូវ​ ដែល​ពួក​គាត់​មិន​បាន​យល់​ពី​តម្លៃ​នៃ​បរិស្ថាន​។​ កន្លង​មក​ អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​សង្អា​ត​ជា​ច្រើន​លើក​មក​ហើយ​ និង​បាន​ឲ្យ​អាជ្ញា​សង្កាត់​អប់រំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​សំរាម​បោះចោល​ កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​ ប៉ុន្តែ​មាន​ប្រជា​ពល​ដ្ឋ​មួយ​ចំនួន​តូច​មិន​បាន​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ​ ពោល​គឺ​នៅ​យក​សំរាម​បក​បោះចោល​ដដែល​។​

​លោក​អភិបាលរង​បន្ត​ថា​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​អំពី​តម្លៃ​បរិស្ថាន​ អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ប្រមូល​កាក​សំណល់​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​មក​ដុត​កម្ទេច​ចោល​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា​ ថ្ងៃនេះ​ជា​ទិវា​បរិស្ថាន​ពិភពលោក​ ដូច្នេះ​សូម​ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ​ សូម​អំពាវនាវ​ ជាំ​ថ្មី​ម្ដងទៀត​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​រួម​គ្នា​ផ្ដល់​តម្លៃ​ដល់​បរិស្ថាន​ ជា​ពិសេស​វេច​ខ្ចប់​សំរាម​យក​ទៅ​ទុក​នៅ​កន្លែង​ ណា​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​បរិស្ថាន​ មួយ​ផ្នែក​ទៀត​ ការ​រួម​គ្នា​ការពារ​បរិស្ថាន​ គឺ​ដើម្បី​ចូលរួម​គ្នា​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ និង​ធ្វើ​ឲ្យ​មូលដ្ឋាន​របស់​យើង​ប្រកបដោយ​អ​នា​មួយ​និង​បរិស្ថាន​ល្អ​៕​ សណ្ដោស​

IMG-20150605-WA0035
IMG-20150605-WA0033
IMG-20150605-WA0034
IMG-20150605-WA0030