ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកសំរោងទងដឹកនាំកម្លាំងអាវុធហត្ថ និងប្រជាការពារភូមិជិត១០០នាក់សម្អាតបរិស្ថានតាមផ្លូវលេខ៤

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ លោកស៊ីម រតនៈ អភិបាលស្រុកសំរោងទងបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងប្រជាការពារភូមិប្រមាណជិត១០០នាក់ចុះរើសសំរាមតាមផ្លូវជាតិលេខ៤ ដើម្បីបំផុសដល់ប្រជាពលរដ្ឋឲ្យចេះស្រឡាញ់បរិស្ថាន អនាម័យដើម្បីសុខភាព និងត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំឲ្យទេសចរណ៍ឆ្លងកាត់រិះគន់ថាគ្មានអនាម័យ ។

បើតាមសម្តីរបស់លោកអនុសេនីយ៍ឯកវិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងបាននិយាយឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្ដមសេនីយ៍ត្រីជួ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោកក៏បានរៀបចំកំលាំងអាវុធហត្ថស្រុក និងមានការចូលរួមពីបងប្អូនប្រជាការពារតាមភូមិប្រមាណជិត១០០នាក់ ក្រោមការដឹកនាំផ្ទាល់ពីលោកស៊ីម រតនៈអភិបាលស្រុកសំរោងបានដើររើសសំរាមតាមផ្លូវជាតិលេខ៤ចាប់ពីមុខ បញ្ជាការដ្ឋានស្រុករហូតដល់ផ្សារថ្នល់ទទឹង។

លោកមេបញ្ជាការមូលដ្ឋានបានបន្តថា សកម្មភាពនេះធ្វើឡើងដើម្បីរួមចំណែកសម្អាតបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៤នេះតែម្តងនិងចង់ឲ្យប្រជាពលរដ្ឋ ក៏ដូចកម្មករ កម្មការិនីទាំងអស់ចូលរួមថែរក្សាអនាម័យដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ព្រមទាំងសោភ័ណភាពក្នុងសង្គមផងដែរជាពិសេសផ្ឡូវជាតិលេខ៤ព្រោះផ្លូវនេះជាផ្លូវទេសចរណ៏ដ៏សំខាន់។

បើតាមសម្តីរបស់លោកស៊ី រតនៈអភិបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា ការធ្វើបែបនេះក្នុងថ្ងៃនេះបង្ហាញពីការស្រឡាញ់បរិស្ថានជុំវិញខ្លួនយើងក៏ដូចជាអ្នកដទៃ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានល្អ ការធ្វើពលកម្មនាពេលនេះ មានគោលបំណងមួយដើម្បីអប់រំដល់មហាជនត្រូវតែរួមគ្នាថែរក្សាបរិស្ថាន និងត្រូវចោលសំរាមឲ្យមានសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ ដូចជាវេចខ្ចប់ ឬដាក់ក្នុងធុងសំរាមជាដើមមិនត្រូវឲ្យរប៉ាត់រប៉ាយឡើយ។

ជាចុងក្រោយលោកវិន ឡេងហួងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយធ្វើការសំអាតបរិស្ថាននេះរួចនៅរសៀលថ្ងៃដដែល ក្រុមការងារក៏បាននាំយកអំណោយមួយចំនួនដើម្បីឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាត មានជំងឺ ចាស់ជរា ចំនួន៥គ្រួសារផងដែរ ស្ថិតនៅក្នុងឃុំរលាំងគ្រើលស្រុកសំរោងទង ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម មីចំនួន២កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង១យួរ ប៊ីចេង ១កញ្ចប់ ចានស្រាក់១យួរ ប្រេងឆា ១ដប សារ៉ុង១ ក្រម៉ា១ និងថវិការ១០ម៉ឺនរៀលផងដែរ ៕សេនា សក្តិ

kspue (2)

kspue (1)