ព័ត៌មានទាន់ហេតុការណ៍៖

អាចនឹងមានជំនួបពិភាក្សាត្រីភាគីរវាងលោក ត្រាំ, គីម ជុងអ៊ុន និងលោក មូន ជេអុីន?

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានឡើងគម្រោងជួបពិភាក្សាត្រីភាគី រវាងមេដឹកនាំកូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីទទួលបានជោគជ័យ។

សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោក មូន ជេអុីនបានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំជំនួបជាមួយកូរ៉េខាងជើងនាពេលខាងមុខថា «កិច្ចប្រជុំនាពេលខាងមុខ គឺជាការបើកផ្លូវសម្រាប់កិច្ចប្រជុំត្រីភាគី »។

ក្តីសង្ឃឹមរបស់លោក មូន ជេអុីន នៅពេលដែលទំនាក់ទំនងកូរ៉េទាំងពីរ កំពុងតែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០១៨ មកទល់ពេលនេះ។ មិនតែប៉ុណ្ណោះ មេដឹកនាំ៣ប្រទេស អាមេរិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង មានកិច្ចប្រជុំដាច់ដោយឡែកពីគ្នា។ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ នឹងផ្តោតសំខាន់ទៅលើ កម្មវិធីបរមាណូ និងសន្តិភាពនៅឧបទ្វីបកូរ៉េ។

នៅក្នុងស្ថានភាពពាក់ព័ន្ធនេះដែរ សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា សញ្ញានៃការផ្លាស់ប្ដូរហាក់ដូចជាបានកើតឡើងនៅក្នុងទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងសហរដ្ឋអាមេរិក ដោយសារតែការស្រឡាញ់សន្តិភាពរបស់ទីក្រុងព្យុងយ៉ាង ទើបកូរ៉េ ទាំងពីរអាចឈានដល់ការផ្សះផ្សាគ្នា បន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួ នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

KCNA នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារ បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែវិធានការ និងការស្រឡាញ់សន្តិភាពរបស់យើង បានបង្កើតបរិយាកាសល្អ នៃការផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ហើយ សញ្ញានៃការផ្លាស់ប្ដូរបែបនេះ ក៏ហាក់ដូចជាលេចឡើងនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ ព្រមពេលជាមួយគ្នានេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ បានចោទប្រកាន់ថា ក្រុមអ្នកអភិរក្សនិយមមួយចំនួននៅកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅតែបន្តបំពុលបរិយាកាសល្អបែបនេះ ក៏ដូចជាបំភ័ន្ដមតិសាធារណៈពីការណ៍ពិតដែលកំពុងកើតឡើង។

គួរបញ្ជាក់ថា បើតាម KCNA ការដាក់ទណ្ឌកម្ម និងសម្ពាធពីសំណាក់សហរដ្ឋអាមេរិកពុំមានប្រសិទ្ធភាពអ្វីនោះទេ និងបានអំពាវ នាវឲ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ធ្មត់ និងប្រុងប្រយ័ត្នចំពោះអាកប្បកិរិយារបស់ខ្លួន៕ ម៉ែវ សាធី