ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករ​ផ្សារ​ឈូក​មាស​ប្រមាណ​១០០​នាក់​ផ្ទុះ​ការ​តវ៉ា​នឹង​ម្ចាស់​ផ្សារ​ដែល​ដំឡើង​ថ្លៃ​ជួល​តូប​ហួស​កម្រិត​

​ភ្នំពេញ​ ៖​ ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ ផ្សារ​ឈូក​មាស​ប្រមាណ​១០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ចំពោះ​ម្ចាស់​ផ្សារ​ដែល​បាន​ ដំឡើង​ថ្លៃ​ជួល​តូប​និង​បង់​ប្រចាំឆ្នាំ​ហួស​កម្រិត​ ។​ ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​កាលពី​ វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​ឈូក​មាស​ ស្ថិត​ក្នុងភូមិ​ក្រាំង​អង្គ្រង​ សង្កាត់​ក្រាំង​ ធ្នង់​ ខណ្ឌ​សែន​សុខ​ មក​ទល់​ពេល​នេះ​នៅ​ ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​ ។​

​បើ​តាម​ក្រុម​អាជីវករ​បានឱ្យ​ដឹង​ថា​ ការ​ដែល​ពួក​គាត់​លើកគ្នា​មក​តវ៉ា​នេះ​ គឺ​ដោយសារ​តែ​ម្ចាស់​ផ្សារ​ឈូក​មាស​បាន​ដំឡើង​ថ្លៃ​ជួល​តូប​និង​បង់​ប្រចាំឆ្នាំ​ថ្លៃ​ ហួស​កម្រិត​ ខណៈ​នៅ​ក្នុង​កុងត្រា​ចាស់​ ការ​បង់ថ្លៃ​តូប​ត្រឹមតែ​២៥​ដុល្លារ​ប៉ុណ្ណោះ​ រីឯ​ការ​បង់​ប្រចាំឆ្នាំ​គឺ​៥០​ដុល្លារ​ ។​ តែ​ ឥឡូវ​ភាគី​ម្ចាស់​ផ្សារ​បាន​បិទ​ផ្សាយ​ក្នុង​ ការ​ដំឡើង​ថ្លៃ​ជួល​តូប​ឡើង​ដល់​៦០​ដុល្លារ​ រីឯ​ថ្លៃបង់​ប្រចាំឆ្នាំ​ឡើង​រហូត​ដល់​៥០០​ ដុល្លារ​ ហើយ​ម្ចាស់​ផ្សារ​ថែម​ទាំង​បង្ខំ​ ឱ្យ​អាជីវករ​ចុះ​កិច្ចព្រមព្រៀង​ជួល​គ្រែ​ និង​ តូប​ដាច់អហង្ការ​ទៀត​ ។​

​ទាក់ទិន​ករណី​ទាមទារ​របស់​អាជីវករ​ខាងលើ​គេ​បាន​សង្កេត​ឃើញ​អ្នក​ការពារ​ផ្សារ​ឈូក​មាស​ព្យាយាម​រារាំង​មិន​ឱ្យ​អ្នកកាសែត​ចូល​ថត​ផ្ដិត​យក​រូបភាព​ និង​ ធ្វើ​បទ​សម្ភាសន៍​ដើម្បី​បញ្ជាក់​ពី​ជំហរ​ នៃ​ការ​ដំឡើង​ថ្លៃ​តូប​នោះ​ឡើយ​ ។​ ផ្ទុយ​ទៅ​ វិញ​តំណាង​ផ្សារ​រូប​នេះ​បាន​និយាយ​យ៉ាង​ខ្លី​ថា​ ផ្សារ​នេះ​ជា​ផ្សារ​របស់​គាត់​ចង់​គាត់​ ធ្វើ​អ្វី​ក៏​បាន​ ៕ តុង​ សីហា​

Tong-siha1

Tong-siha1-(1)

Tong-siha1-(2)