ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់និងសម្អាតបរិស្ថាន អនាម័យនៅលើផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យឲ្យបានល្អ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ សំអាតបរិស្ថាននិងអនាម័យឲ្យបានល្អប្រសើរនៅលើកំណាត់ផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សត្រើយខាងកើតទៅដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

យុទ្ធនាការនេះបានធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍ទី១៩ ខែសីហា ឆ្នាំ២០១៨ ដែលជាថ្ងៃសំរាក់ពីការងាររាជការ ដោយប្រើប្រាស់កម្លាំងរបស់រដ្ឋបាលខណ្ឌរួមមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល មន្ត្រីគ្រប់ការិយាល័យ និងខាងក្រុមហ៊ុនប្រមូលសំរាមស៉ីនទ្រី ។

គោលបំណងនៃយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ សំអាតបរិស្ថាន អនាម័យនេះដែរ គឺធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋនិងអ្នកដំណើរចូលរួមទាំងអស់គ្នា ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានធ្វើការណែនាំដល់អ្នកលក់ដូរនៅតាមបណ្តោយផ្លូវជាតិលេខ១ កុំយកចិញ្ចើមផ្លូវជាតិដាក់តាំងលក់ទំនិញនោះឡើយព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ មិនត្រូវបោះចោលកាកសំណល់ផ្សេងៗមកលើផ្លូវជាតិឡើយ ត្រូវវិចខ្ចប់និងញែកសំរាមទុកដាក់នៅកន្លែងដែលក្រុមហ៊ុនត្រូវទៅប្រមូលដាក់ក្នុងរថយន្ត ។

ដោយពិនិត្យឃើញថា ក្រុមហ៊ុនលាយបេតុងSCG មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើឲ្យកាកសំណល់បេតុងកំពប់មកលើផ្លូវជាតិប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានលោកអភិបាលខណ្ឌ ណែនាំឲ្យលោករស់ សុភក្តិ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងទៅបិទច្រកចេញរបស់ក្រុមហ៊ុនមិនឲ្យធ្វើអាជីវកម្មបណ្តោះដោយឃាត់រថយន្តលាយបេតុងទាំងអស់មិនឲ្យបើកចេញពីក្រុមហ៊ុនឡើយ និងចាប់បន្ខំឲ្យក្រុមបាញ់ទឹកសំអាតផ្លូវជាតិឡើងវិញ ។

ការចុះមកបិទច្រកក្រុមហ៊ុនមិនឲ្យធ្វើអាជីវកម្មបណ្តោះអាសន្ននេះ ដោយសាតែក្រុមហ៊ុនលាយបេតុង មិនអនុវត្តតាមគោលការណែនាំរបស់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ និយាយរួមគឺបំពានការណែនាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ៕ សណ្តោស