ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក បន្តចុះចាប់ល្បែងហ្គេមបាញ់ត្រីមួយកន្លែងក្នុងសង្កាត់បឹងសាឡាង និងឃាត់ខ្លួនមេការម្នាក់

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដុសស្លែស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង គឺជាទីតាំងដែលប្រមូលផ្តុំទៅដោយក្រុមជនសង្គមងងឹត ដូចជាចោរឆក់ លួច ប្លន់ ចូលទៅពួនសំងំដើម្បីគេចពីភ្នែកសមត្ថកិច្ចនោះ ឥឡូវនេះត្រូវបាន អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបនិងឃាត់ខ្លួនមេកាស្រីម្នាក់ ដកហូតទូរហ្គេមបាញ់ត្រីចំនួន២ទូរ ។

ករណីចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៦២Z ផ្លូវ២៤៧ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើ ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ជាក់ស្តែងដកហូតទូរហ្គេមបាញ់ត្រីចំនួន២ទូរ និងឃាត់មេកាស្រីម្នាក់ ដើម្បីបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីនេះគឺពពាក់ពពូនទៅដោយក្រុមក្មេងស្ទាវដែលពួកគេចេញចូលៗហើយត្រូវបានទាញទ្វារបិតជិតឈឹង សង្ស័យថានាំគ្នាសំងំចែកចាយនឹងប្រើប្រាស់គ្រឿងញៀន ដែលបង្កើតឲ្យមានបទល្មើសផ្សេងៗដូចជាអំពើ លួច ឆក់ ប្លន់ជាដើម ។ ទីតាំងហ្គេមបាញ់ត្រីអស់ទាំង គឺបន្ទាប់ពីអាជ្ញាធរឬសមត្ថកិច្ចបង្ក្រាបរួចហើយនោះ យ៉ាងយូរពីរទៅបីថ្ងៃក្រោយមកនឹងបើកលេងវិញជាធម្មតាមិនដឹងថា មកពីមូលហេតុអ្វីនោះទេ ដោយពួកគាត់សង្ស័យថា អាជ្ញាធរខណ្ឌទួលគោកប្រហែលជាបានលាភសការៈពីក្រុមអ្នកមានអំណាចនឹងលុយអស់ទាំងនោះ ហើយមើលទៅ ទើបបើកភ្លើងខៀវឲ្យលេងតាមអំពើចិត្ត ដោយមិនក្លាចប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង បានដាក់បញ្ជាឲ្យសមត្ថកិច្ចលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ៕ ស ដារា