ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យជួយមើលអ្នករកស៊ីប៉ះកង់ម៉ូតូនៅម្តុំផ្សារជម្ពូវ័នលួចបាចដែកគោល និងក្បាលវីសលើផ្លូវផង

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋដែលតែងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ដែលស្ថិតនៅក្បែររបងសាលាជម្ពូវ័ន ផ្សារជម្ពូវ័ន និងនៅជុំវិញស្តុបបំបែកពីផ្លូវជាតិលេខ៤និងផ្លូវទំនប់ កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣បាន សំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យជួយរកមុខជនដែលយកដែកគោល និងវីសបាចលើផ្លូវធ្វើឲ្យ កង់ ម៉ូតូ រថយន្ត របស់ពួកគាត់បែកស្ទើរគ្មានលស់ថ្ងៃខណៈធ្វើដំណើរនៅលើកំណាត់ ផ្លូវនោះម្តងៗ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ជារៀងរាល់ ថ្ងៃពួកគាត់តែងតែជិះម៉ូតូ ឬរថយន្តធ្វើដំណើរនៅលើផ្លូវ១ខ្សែនេះដើម្បីទៅទិញ ទំនិញ ឬម្ហូបនៅក្នុងផ្សារជម្ពូវ័ន ផ្សារចោម ចៅ និងទៅកន្លែងផ្សេង ខណៈពួកគាត់ធ្វើដំណើរមកដល់ចំណុចខាងលើរថយន្ត របស់គាត់ ក៏ដូចជាម៉ូតូបានបែកកង់ធ្លាយជាញឹកញាប់ ហើយពេលអូសទៅប៉ះមិនឆ្ងាយពីកន្លែងប៉ះអ៊ុតប៉ុន្មាននោះទេហើយភាគច្រើនការមុតនោះ គឺសុទ្ធសឹងតែជាវីស និងដែកគោល ។

ពួកគាត់បានលើកឡើងទៀតថា ហេតុ អ្វីនៅពេលដែលបែកកង់ម្តងៗ គឺមិនឆ្ងាយពីកន្លែងប៉ះអ៊ុតប៉ុន្មាននោះ? ដូច្នេះហើយទើបពួកគាត់មានការសង្ស័យទៅលើជាងប៉ះកង់មួយចំនួនតូចនៅជិតនោះដែលប្រកប មុខរបររកសុីបែបនេះអាចមានបំណង អាក្រក់ក៏ថា បានដែលយកវីស និងដែកគោលទៅបាចពាសពេញលើផ្លូវដើម្បីឲ្យអ្នកធ្វើដំណើរបើកមកកិនមុតធ្លាយកង់ពេលខ្លះ ដល់កន្លែងជាងប៉ះលែងកើតព្រោះវាមុតច្រើនកន្លែងមានតែដូរពោះវៀនថ្មី។

ចំពោះករណីបែបនេះ កន្លងទៅក្នុងរាជធានីភ្នំពេញធ្លាប់មានខ្លះៗដែរតែមិនបាន ប៉ុន្មានថ្ងៃនោះឡើយ អាជ្ញាធរ និងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួនជនខិលខូចទាំងនោះយកមកណែនាំកុំឲ្យធ្វើអំពើបែបនេះតទៅទៀត ។

ជាចុងក្រោយប្រជាពលរដ្ឋដែលធ្វើ ដំណើរនៅលើផ្លូវជាតិលេខ៤ ក៏ដូចជាកាត់ មកផ្លូវទំនប់កប់ស្រូវបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចឲ្យស្រាវជ្រាវ និងចុះឆែកតាមទីតាំងដែលប៉ះអ៊ុតកង់ម៉ូតូ និង រថយន្ត និងណែនាំដល់ពួកគាត់កុំឲ្យធ្វើបែបនេះព្រោះគ្រាន់តែដើររើសដែកគោល និង វីសមិនតិចគ្រាប់នោះឡើយ ។

ការរកស៊ីបែបនេះមិនសុចរិតទេ ហើយបង្កការក្តៅក្រហាយដល់អតិថិជនទៀត ផង។ អាជ្ញាធរមិនត្រឹមតែទូន្មានអ្នកប៉ះ កង់នោះទេ ប៉ុន្តែលើសពីនេះគឺបញ្ឈប់ការ រកស៊ីបែបទុច្ចរិតតទៅទៀត ៕ អារុណរះ