ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបន្ទាយមានជ័យបាន និងកំពុងចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ស្រូវជាង២ពាន់ហិកតា

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៨ បាន និងកំពុងចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យគ្រា ដែលទឹកជំនន់ទឹកភ្លៀងបានជន់លិច និងបង្កផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករជាង២ពាន់ហិកតានោះហើយក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនោះ ។

​អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់ជាប់គ្នា និងទឹកហូរបុកពីផ្នែកខាងលើអាងកំពីងពួយ ស្រុកបាណន់ខេត្តបាត់ដំបង បណ្តាលឲ្យមានទឹកជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ស្រូវប្រជាពលរដ្ឋនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ប្រមាណ២ពាន់ហិកតា ។

​លោកប្រាប់ឲ្យដឹងទៀតថា ការដោះស្រាយបញ្ហាទឹកជំនន់ ឥឡូវអាជ្ញាធរខេត្តរួម និងមន្ទីរធនធានទឹកខេត្តបានយកម៉ាស៊ីនបូមទឹកធុនធំ២គ្រឿងបូមទឹកពីប្រឡាយឯកភាពធ្លាក់ចូលស្ទឹងមង្គលបូរី និងបានកាយប្រឡាយទំនប់នៅចំណុចស្ពានក្រឡ ដើម្បីរំទឹកផ្នែកខាងលើធ្លាក់ចុះទៅផ្នែកខាងក្រោមឲ្យបានឆាប់រហ័ស ។

​ជុំវិញបញ្ហានេះ ប្រជាកសិករប្រាប់ឲ្យដឹងថា ទឹកជំនន់ទឹកភ្លៀង នៅក្នុងឃុំរហាត់ទឹក មានស្ថានភាពបុកមកលឿនរហ័សត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពួកគាត់មិនអាចប្រមូលផលទាន់ពេលវេលា រងការជន់លិចដំណាំស្រូវ និងអាចបង្កឲ្យការខូចខាតបាត់បង់ទាំងស្រុង ។

​ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រាប់ឲ្យដឹងថា តាមការត្រួតពិនិត្យជាក់ស្តែងគឺការលិចស្រូវរបស់ប្រជាកសិករ នៅក្នុងឃុំរហាត់ទឹកប្រហែល១៥០០ហិកតា គឺរងផលប៉ះពាល់នៅឡើយនោះទេ ។ ប៉ុន្តែបើសិនជាស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេល៣ទៅ៤ថ្ងៃថែមទៀតស្រូវ ដែលរងផលប៉ះពាល់ អាច និងរងការខូចខាតតែម្តង ។

​លោកក៏បានជម្រុញឲ្យប្រជាកសិករ ដែលមិនទាន់រងផលប៉ះពាល់ដំណាំស្រូវប្រញ៉ាប់ប្រមូលផលឲ្យទាន់ពេលវេលា ដើម្បីបញ្ចៀសបញ្ហារងការខូចខាត ។

​សូមបញ្ជាក់ថា បញ្ហាទឹកជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យង្ករងផលប៉ះពាល់ដំណាំស្រូវប្រជាពលរដ្ឋខាងលើ គឺទឹកចាប់ផ្តើមហូរជន់លិចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គឺជន់លិចមានរយៈ៣ទៅ៤ថ្ងៃចុងក្រោយនេះ ។ ទឹកជំនន់គឺបង្កឲ្យទឹកភ្លៀងនៅក្នុងខេត្ត និងទឹកហូរបុកពីផ្នែកខាងលើនៃខេត្តបាត់ដំបង៕ សំ វិច្ឆិកា