ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុប្រើកណ្តាប់ដៃដែកលើខ្សែរថយន្តដឹកខ្សាច់ និងដឹកសម្ភារសំណង់លើសទម្ងន់ផ្គើនអនុសាសន៍សម្តេចតេជោ..!

ខេត្តព្រះសីហនុ៖ ជាការឆ្លើយតបទៅ នឹងករណីខូចខាតផ្លូវ នៅក្រុងព្រះសីហនុ ហើយមន្ទីរជំនាញកំពុងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ដូនេះ ជាវិធានការណ៍ (ការពារប្រសើរជាងព្យាបាល) ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរងខូចខាតវិថីនានានៅក្នុងក្រុង ដែលផ្តើមចេញពីរថយន្តដឹកទំនិញធំៗ លើសទម្ងន់កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ លោកសេង សុវណ្ណារុណ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការណ៍ពីមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបានដាក់កម្លាំងជំនាញផ្នែកត្រួតពិនិត្យរថយន្តធុនធំ ដែលដឹកសម្ភារសំណង់ និងខ្សែររថយន្តដឹកខ្សាច់លើសទម្ងន់ ដែលកំពុងចរាចរបង្កឲ្យខូចខាតធ្ងន់ធ្ងរ វិថីនានានៅក្នុងក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ។

លោក នុត លីអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទទួលបន្ទុកសុវត្ថិភាពចរាចរផ្លូវគោកបានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យបទល្មើសរថយន្តដឹកលើសទម្ងន់កំណត់របស់ក្រសួងសាធារណការ តាមពេលវេលាខាងលើស្ថានីយ និងមន្ទីរសាធារណការ បានឃាត់រថយន្តបានចំនួន០៤គ្រឿង ១/ រថយន្តប្រភេទផ្លូវ០៤ ពាក់ស្លាកលេខភ្នំពេញ_3A_8386.២/ ភ្នំពេញ_3.D1151.3/ភ្នំពេញ3E.3342. និង០៤/ភ្នំពេញ3A7413។លោកអនុប្រធានបានបញ្ជាក់ឲ្យដឹងថាក្រោយពីបានឃាត់រថយន្តខាងលើប្រធានស្ថានីយជញ្ជីងបានសម្រេចធ្វើការផាកពិន័យទៅតាមបទល្មើស ។

លោកអនុប្រធានបានបន្តឲ្យដឹងទៀតថា “គ្រាន់តែចង់អនុវត្តន៍ច្បាប់អីក៏ប៉ះពាល់ម្ល៉េះ អាងខ្សែធំ ស្មានតែខ្ញុំខ្លាច បើជ្រុលម្ចាស់ដេប៉ូ ខ្សាច់ និងម្ចាស់រថយន្តអាងខ្សែ អាងឋានៈ ជាឧកញ៉ាបានតើ…! ដោយហេតុថា សម្តេចបានដាក់បទបញ្ជាហើយពីករណី រថយន្តដឹកលើសចំណុះរាប់តោនចូលក្រុង បង្កឲ្យផ្លូវទទួលរងនូវការខូចខាតយ៉ាងដំណំ នៅក្នុងក្រុងព្រះសីហនុ ដែលសុទ្ធសឹងជាខ្សែរថយន្ត ដែលមានម្ចាស់មានងារជាឧកញ៉ា ឬឈ្មួញមានទ្រព្យជាដើម ។​

ក្រុមប្រជាពលរដ្ឋសូមស្នើថ្នាក់ដឹកនាំខេត្តក្រុងព្រះសីហនុ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ សូមពង្រឹងសមត្ថកិច្ចរបស់ខ្លួនឡើងវិញ ហើយសូមកុំភ្លេចនូវប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានថ្លែងព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងដឹកលើសទម្ងន់ខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនេះ បានបង្កឲ្យរងការខូចខាតផ្លូវ ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះ មិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងដឹកលើសទម្ងន់ខុសបច្ចេកទេស នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត ។

ការព្រមានខ្លាំងៗបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំកាលពីពេលកន្លងទៅ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ខ្សែរថយន្តដឹកជញ្ជូនខ្សាច់ខាងលើបានដឹកខ្សាច់ចេញពីដេប៉ូចំនួន០៤កន្លែង នៅចំណុចផែទំនប់រលកចាស់ និងនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាពេលកន្លងមកបានបង្កឲ្យមានការកកកស្ទះចរាចរ និងប្រឡាក់ផ្លូវនានានៅក្នុងក្រុងបង្កការរិះគន់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធរខេត្ត ដែលចាំបាច់តម្រូវឲ្យមានវិធានការជាប្រចាំ ៕ ឆ្លាម សមុទ្រ