ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តមន្ត្រីរាជការប្រមាណជាង ៥០០នាក់ ចុះជួយស្ទូងស្រូវជូនដល់ប្រជាកសិករនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តនិងមន្ទី-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ប្រមាណជាង ៥០០នាក់ ចុះជួយស្ទូងស្រូវជូនដល់ប្រជាកសិករ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្នុងថ្ងៃនេះលោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទី-អង្គភាពនានាជុំវិញខេត្តជួយស្ទូងស្រូវជូនដល់ប្រជាកសិករ នៅភូមិធ្លក ឃុំក្រោលគោនេះចំនួន ០៨គ្រួសារ លើផ្ទៃដីចំនួន ២,៧ហិកតា។

លោកបន្តថានៅរដូវវស្សានេះ អាកាសធាតុមានអំណោយផលល្អ មានរបាយទឹកភ្លៀងធ្លាក់គ្រប់ឃុំស្រុកទូទាំងខេត្តហើយប្រជាកសិករបានបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៧កក្កដានេះ សម្រេចបានចំនួន១០៣.៥៤០ហិចតាស្មើរនិង៦១ភាគរយដោយផែនការណ៏ក្នុងឆ្នាំ២០១៧គឺ១៦៧.៧០០០ហិចតាបើប្រៀបធៀបគឺលឿនជាងនៅឆ្នាំ២០១៦។

មន្ត្រីសាលាខេត្តបានអោយដឹងថា គោលបំណងនៃការចុះជួយស្ទួងស្រូវជូនប្រជាពលរដ្ឋនេះ គឺដើម្បីជាសញ្ញាបង្ហាញប្រាប់ថារដូវបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៧ ចាប់ផ្ដើមហើយ ជំរុញឲ្យបងប្អូនប្រជាកសិករនៅទូទាំងខេត្តរួសរាន់សាប ព្រោះ ស្ទូងស្រូវឲ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយកាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗរបស់ប្រជាកសិករ ។

NKD-36x6_outline

បន្ទាប់ពីចុះជួយដកស្ទួងរួចមក លោកអភិបាលខេត្តក៏បានជួបសំណេះសំណាលដល់ប្រជាពលរដ្ឋយ៉ាងភាពស្និតស្នាលហើយ ក៏បានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ក្នុងរយៈពេលខ្លី រួមមាន ពោត និងសណ្ដែក ជូនប្រជាកសិករ ចំនួន ៦០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន គ្រាប់ពូជ ១គីឡូក្រាម ៕ យឹម សុថាន