ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តរតនគិរីមិនអាចដោះស្រាយបានបញ្ហាសំរាមនៅផ្សារបានលុង

ខេត្តរតនគិរី៖ បើទោះជាមានការសន្យារបស់អាជ្ញាធរខេត្តរតនគិរីថា ទីធ្លាសាធារណៈរបស់រដ្ឋគ្រាន់តែជាកន្លែងស្តុកសំរាមបណ្ដោះអាសន្តយ៉ាងណាក៏ដោយក៏តាំងពី ខែមីនា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះគេនៅតែឃើញសំរាមចាក់គរស្អុយ រលួយនៅមុខផ្សារបានលុងដដែល។

សំរាមស្អុយរលួយនៅមុខផ្សារនៅតែ ជាសំរាមចាក់គរដូចភ្នំដដែល។ ចំណែក លុយ ភាស៊ី កញ្ច្រែង កញ្ជើ ល្អី ដែលអាជីវករដាក់លក់ជុំវិញបរិវេណផ្សារនៅតែមានគេដើរប្រមូលយកដដែល បើជាទោះជា រាជរដ្ឋាភិបាលចេញសារាចរលេខ១១.សរចុះហត្ថលេខា ដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីការលុបការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋដែលដាក់លក់បន្លែបង្ការ តាមកញ្ច្រែង កញ្ជើ ល្អី បានបញ្ជាក់ថា ពួកគាត់ត្រូវបង់ប្រាក់ភាស៊ីឲ្យគេជារៀងរាល់ថ្ងៃបើពួកគាត់មិនបង់ឲ្យគេទេត្រូវគេធ្វើ ទុកបុកម្នេញមិនឲ្យពួកគាត់លក់ដូរបានទេ។

ជុំវិញករណីនេះលោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុន ហេងដារ៉ា ដែលវិនិយោគផ្សារក្រុងបានលុងបានឲ្យដឹង តាមទូរស័ព្ទថា លោកមិនបានយកភាស៊ី ពីប្រជាពលរដ្ឋដែលលក់តាមកញ្ច្រែង កញ្ជើ ល្អី នោះទេ ហើយមិនមែនមិនយកនៅពេលរាជរដ្ឋាភិបាលចេញសារាចរនោះទេគឺលោកមិនយកភាស៊ីនេះតាំងពីមុនមកម្លេ៉ះ។

ចំណែកលោក ងិន ណែល អភិបាល ក្រុងបានលុងបានបញ្ជាក់ប្រាប់ថា ចំពោះ​សំរាមចាក់គរនៅទីធ្លាសាធារណៈមុខផ្សារក្រុងបានលុបណ្ដោះអាសន្ននោះរហូតមកដល់ពេលនេះដោះស្រាយមិនទាន់រួចនៅឡើយទេ ក៏ប៉ុន្តែខាងអាជ្ញាធរនៅតែបន្ត ព្យាយាមដោះស្រាយតទៅទៀត។ ចំពោះកំហុសរបស់ក្រុមហ៊ុនវិនិយោគផ្សារមានច្រើនណាស់ ក៏ប៉ុន្តែមានចំណុចខ្លះ ដែលអាជ្ញាធរមូលដា្ឋនមិនអាចដោះស្រាយបានពីព្រោះបញ្ហាទាំងនោះពាក់ព័ន្ធនឹងថ្នាក់ ជាតិ។ លោកបានបន្តថា ចំពោះករណីមាន​អ្នកយកភាស៊ី ពីប្រជាពលរដ្ឋលក់តាម​កញ្ច្រែង កញ្ជើ ល្អី នោះលោកពិតជាលេចឮ ថាមានគេលួចយកភាស៊ីមែន ក៏ប៉ុន្តែអាជ្ញាធររកភស្ដុតាងមិនទាន់បាន។

NKD-36x6_outline

ចំណែកលោក ញ៉ែម សំអឿន អភិ​បាល​រងខេត្តរតនគិរីបានឲ្យអ្នកយកសារ ព័ត៌មានយើងដឹងតាមទូរស័ព្ទថា ចំពោះសំរាមគរនៅមុខផ្សារក្រុងបានលុងនេះមក ពីក្រុម ហ៊ុនវិនិយោគនោះមិនគោរពតាម កិច្ចសន្យា ហើយឱសានវាទដែលត្រូវដាក់​សំរាមគរ​បណ្ដោះអាសន្ននោះក៏វាផុត​កំណត់​​ហើយ​ដែរនៅតែអាជ្ញាធរធ្វើតាម ច្បាប់ត្រូវដកអាជ្ញាប័ណ្ណឬក៏យ៉ាងណា​នោះ​ទេ។ ម្យ៉ាងវិញ​ទៀត អាជ្ញាធរខេត្តហាក់​បី ដូចជាមិនមានឥទ្ធិពលអ្វីទៅលើក្រុម​ហ៊ុន​​ទាំង​ពីរដែលវិនិយោគក្នុងក្រុងបាន​លុង​​នេះឡើយ ដូច្នេះ​​ពិបាកណាស់។ លោក​បន្ត​ថា ចំពោះការចុះយកភាស៊ីពីប្រជាពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី នោះ ក្រុមគណៈ​កម្មការខេត្តបានចុះត្រួតពិនិត្យណែនាំ​ក្រុម​ហ៊ុននិងប្រជាពលរដ្ឋ​ហើយ​ដែរ។ បើសិន​ជាមានករណីនេះមែនសុំឲ្យ​ប្រជាពលរដ្ឋយកភស្ដុតាងដាក់ពាក្យ បណ្ដឹងទៅក្រុងឬមកសាលាខេត្តក៏បាន។

បើទោះជាយ៉ាងណាប្រជាពលរដ្ឋនិង អាជីវករលក់ដូរក្នុងផ្សារក្រុងបានលុង ហាក់ដូចជាបាត់បង់ជំនឿមកលើអាជ្ញា​ធរ​ខេត្ត ដោយពួក​គាត់មិនហ៊ានតវ៉ាអ្វីទាំង អស់ដោយពួកគាត់បានត្រឹម​​តែនិយាយថា បើពួកគាត់ហ៊ានតបតប្រ​ឆាំងនិងគេគឺពួក​គាត់ត្រូវរងទុក្ខ​វេទនាក្នុងការលក់ដូររក ប្រាក់ចិញ្ចឹមជីវិត៕ ហេង សូរិយា