ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា មិនមានការ វិនិយោគ ឬរុះរើផ្សារដើមគឡើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី រាជរដ្ឋាភិបាល ចេញ ស.ជ.ណ បង្កើតផ្សារលក់បន្លែ ផ្លែឈើ បោះដុំ លើផ្ទៃដី ២០ហិចតា បឹងតាមោក ធ្វើឲ្យអាជីវករ ផ្សារ ដើមគ ដែលជាទីផ្សារលក់បន្លែផ្លែឈើ ដ៏ក្តៅគគុក ព្រួយបារម្ភ ជាមួយដំណឹងលេចលឺ ពីមាត់មួយទៅមាត់មួយ ថាការបង្កើតផ្សារបោះដុំបន្លែផ្លែឈើថ្មីនេះ និងត្រូវធ្វើការរុះរើផ្សារដើមគ យកទៅវិនិយោគលើវិស័យផ្សេងៗ ។

ជុំវិញការលេចឮពីព័ត៌មាននេះត្រូវបាន លោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បដិសេធថា៖ មិនមានការវិនិយោគផ្សារដើមគឡើយ សូមឲ្យបងប្អូនអាជីវករ កុំមានការព្រួ​បារម្ភ ។

ថ្លែងក្នុងសន្នីសិតសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានបញ្ជាក់ថា “ពាក់ព័ន្ធ​នឹងចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋ ទូទៅ ក៏ដូចជា បងប្អូនអាជីវករ នៅផ្សារដើមគ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានៅភ្នំពេញ មិនបានធ្វើការវិនិយោគ ឬក៏ធ្វើការរុះរើផ្សារដើមគ នោះទេ” ។

លោកអភិបាលរង បានបន្តថា៖ អ្វីដែលយើងកំពុងធ្វើ ឬអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការស្នើសុំ ទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំនោះ គឺទាក់ទងទៅនឹងការសាងសង់ នូវផ្សារមួយ នៅបឹងតាមោកនេះ គឺជាផ្សារលក់បោះដុំ បន្លែផ្លែឈើ និងជាចំណតរថយន្ត ។ មូលហេតុដែល យើងត្រូវរៀបចំ ដោយសារយើងត្រូវមាន តម្រូវការចាំបាច់ មួយចំនួននៅក្នុង ក្របខណ្ឌរាជធានីភ្នំពេញ យើងត្រូវមានទីតាំងមួយ សមស្រប សម្រាប់ ការបោះដុំ បន្លែ និងផ្លែឈើគ្រប់ប្រភេទ ​សម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារៀបចំ ធ្វើជាចំណត់សមស្រប” ។

លោកនួន ផារ័ត្ន បានឲ្យដឹងទៀតថា៖ កន្លងមកនេះ ដោយសារតែយើង មិនទាន់មានទីតាំងធ្វើអាជីវកម្ម បោះដុំ បន្លែ និងផ្លែឈើនេះ គឺបងប្អូនប្រជាពលរដ្ឋ មួយចំនួន បានធ្វើការលក់បោះដុំ បន្លែផ្លែឈើនេះ ទៅតាមដងផ្លូវ និងប្រើប្រាស់ទ្រូងផ្លូវ និងចញ្ចើមផ្លូវ សាធារណៈ ដែលបង្កឲ្យមានការកក់ស្ទះចរាចរ ក៏ដូចជាបញ្ហាបរិស្ថាន អនាម័យ និងបញ្ហាផ្សេងៗទៀត ផងដែរ” ។

លោក នួន ផារ័ត្ន បានបញ្ជាក់បន្តថា៖ ការរៀបចំបង្កើត ផ្សារលក់បន្លែ ផ្លែឈើ បោះដុំ នៅលើផ្ទៃដី២០ហិចតា នៅបឹងតាមោកនេះ ដើម្បីឲ្យអាជីវកដែល មិនមានទីតាំងត្រឹមត្រូវ​ ប្រកបអាជីវកម្មរបស់ខ្លួន ឲ្យមានរបៀបរៀបរយ ដោយឡែក សម្រាប់អាជីវករ លក់ដូរ នៅក្នុងផ្សារ អាចធ្វើការបន្តអាជីវកម្មរបស់ខ្លួន​ ជាធម្មតា ដោយ កុំមានការព្រួយបារម្ភ ចំពោះមតិលើកឡើងណា មួយ ដែលផ្ទុយពី គម្រោងអភិវឌ្ឍន៍របស់ រដ្ឋបាលរាជធានីភ្នំពេញ ។

លោក បានសង្គត់ធ្ងន់ថា៖ ការបង្កើតផ្សារថ្មីនេះ ចង់បង្កើតឲ្យមានទីតាំង ដែលប្រមូលផ្តុំ នៅបន្លែផ្លែឈើនេះ ដើម្បីយើងអាចធ្វើការរៀបចំ នៅតាមដងផ្លូវ និងទ្រូងផ្លូវរបស់យើងនេះ ឲ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ដើម្បីសម្រួល ចរាចរណ៍ ក៏ដូចជាដើម្បីធានាបាន នូវបរិស្ថានស្អាតផងដែរ”៕ សំរិត


ចែករំលែក៖