ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកបរិបូរណ៍ត្រៀមជម្លៀសពលរដ្ឋ១៣១គ្រួសារមករកទីទួលសុវត្ថិភាព បើទឹកជំនន់នៅតែបន្តឡើងថែមទៀត

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដែលរស់នៅតំបន់ចំនួន៣ គឺនៅចំណុចតំបន់ដំបូកក្រហម ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ , ឃុំត្រពាំងចាន់ និងនៅតំបន់សាលាថ្មី ភូមិត្រពាំងពោធិ ឃុំខុនរ៉ងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រៀមជម្លៀសមករកទីទួលសុវត្ថិភាព ប្រសិនបើទឹកជំនន់ នៅតែបន្តហក់ឡើងថែមទៀតនោះ ។

បើយោងតាមមន្រ្តីសាលាស្រុកបរិបូរណ៍បានប្រាប់ឲ្យដឹងនាពេលនេះថា បើស្ថានភាពទឹកទន្លេនៅតែបន្តហក់ឡើងខ្លាំងនោះ នឹងធ្វើឲ្យភូមិស្រុករបស់ប្រជាពលរដ្ឋប្រមាណជាង១៣១គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន៣ប្រឈមនឹងការលិចលង់ជាក់ជាមិនខាននោះទេ ហើយដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងជាយថាហេតុផ្សេងៗ ដែលកើតឡើងនៅតំបន់ទាំងនោះ អាជ្ញាធរស្រុក បានត្រៀមមធ្យោបាយជាស្រេចដើម្បីដឹកជញ្ជូន ជម្លៀសប្រជាពលរដ្ឋទាំងនេះ មកទីទួលសុវត្ថិភាព ។ ការជម្លៀសនេះមុនដំបូង គឺជម្លៀសគឺស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ។

ការជម្លៀសមកទីទួលសុវត្ថិភាពនេះ អាជ្ញាធរ ក៏ត្រៀមផងដែរ គឺក្រុមគ្រួពេទ្យ សម្រាប់ជួយប្រជាពលរដ្ឋដែលប្រឈមនឹងគ្រោះទឹកជំនន់នេះ រួមនឹងអង្គការដៃគូដើម្បីជួយជាស្បៀងដល់ពួកគាត់ផងដែរ ៕ ចន្ថា