ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកស្វាយទាបអំពាវនាវដល់មន្ត្រីពាក់ពន្ធ័ និងប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ការលែងសត្វគោក្របីចូលបំផ្លាញអំពៅស្កររបស់ក្រុមហ៊ុន

ខេត្តស្វាយរៀង៖ លោក ហៃចន្ទ ណាត់ អភិបាលរងតំណាងអភិបាលស្រុកស្វាយទាបបានថ្លែងថា ដើម្បីធានាដល់ការវិនិយោគលើដំណាំគ្រប់ប្រភេទ ក្នុងទឹកដីមូលដ្ឋានស្រុកស្វាយទាបឲ្យមាននិរន្តភាព និង ឈានទៅការ បង្កើតជារោងចក្រ សហគ្រាសដើម្បីផលិត លើផលិតផលចេញពីវិសយ័កសិកម្ម សម្រាប់ ការប្រើប្រាស់នៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង សូម ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ ត្រូវបង្កើនការទប់ស្កាត់ និង ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលចេញពីការវិនិយោគរបស់ក្រុមហ៊ុនជូនដល់ ប្រជាពលរដ្ឋ ឲ្យបានច្បាស់ដើម្បីចូលរួមទប់ស្កាត់ការ លែងគោ ក្របី ចូលបំផ្លាញលើដំណាំអំពៅដំឡូងជា បន្ត ទៅទៀត ដែលនាំឲ្យខាងក្រុមហ៊ុនខាតបង់ និងឈានទៅរកការក្ស័យធន់ ។

ការថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយការទប់ស្កាត់ គោ ក្របី កុំឲ្យចូលបំផ្លាញ លើ ផល ដំណាំផ្សេងៗរបស់ក្រុមហ៊ុនរោងចក្រអំពៅស្ករកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងវត្តមនោរម្យ ក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក កុយ សារ៉េន ប្រធានក្រុមហ៊ុន អុីសធើន រ៉ាយហ្វៀលឌី វេឡុបមេនខូអិលធីឌី (ដីស្រែខាងកើតត្រូវបានអភិវឌ្ឃន៍ ពណ៌បៃតង) និងអស់លោកមេ ឃុំមេប៉ុស្តិ៍ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ ។

មន្ត្រីថ្នាក់ដឹកនាំខេត្តឯកឧត្តម ពេជ សាវ៉ាន់ អភិបាលរងខេត្ត បានស្នើដល់មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន ប៉ុស្តិ៍ រដ្ឋបាល និង ប្រជាពលរដ្ឋនៅក្នុងតំបន់ ត្រូវរួមគ្នាធ្វើការទប់ស្កាត់ គោ ក្របី កុំឲ្យចូលបំផ្លាញ លើ ដំណាំអំពៅស្ករបន្តទៅទៀត ខណៈដែល កូនអំពៅ និង ដំណាំអំពៅស្កររបស់ ក្រុមហ៊ុនមួយចំនួនក្នុងស្រុកកំពុង តែលូតលាស់ ហើយរងនូវការបំផ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។

នៅក្នុងឱកាសនោះ លោក កុយ សារ៉េន ប្រធានក្រុមហ៊ុន ក៏ បានស្នើសុំដល់ថ្នាក់ដឹកនាំស្រុក ក៏ដូចជាលោកមេ ឃុំ មេភូមិ និងប៉ុស្តិរដ្ឋបាល ពាក់ពន្ធ័ ត្រូវចាត់វិធានការអប់រំ ប្រជាពលរដ្ឋនៅក្នុងតំបន់ ដើម្បីឲ្យបងប្អូនយល់ពីការអភិវឌ្ឍន៍ នៅ និង កន្លែងឲ្យបាន ច្បាស់ពីសារប្រយោជន៍ នៃដំណើរការដាំដំណាំផ្សេងៗនៅក្នុងភូមិ សំដៅឲ្យពួក គាត់បានយល់ និងចូលរួមទប់ស្កាត់ ពីព្រោះក្រុមហ៊ុនអំពៅស្ករក្នុងស្រុកគឺបានជួយលើកស្ទួយជីវភាពរបស់បងប្អូនតាមរយះមានការងារធ្វើហើយមិនចំណាកស្រុកទៅខេត្តផ្សេង និងធ្វើឲ្យមានជីវភាពក្រុមគ្រួសារបានធូរធាមួយកម្រិត មិនតែប៉ុណ្ណោះបើលោកពូ អ្នកមីងមានដីស្រែ ហើយចង់ជួលឲ្យនោះ គឺខាងក្រុមហ៊ុនរបស់លោក នឹងស្វាគមន៍ដោយមានអាជ្ញាធរពាក់ពន្ធ័ដឹងឮស្របច្បាប់ផងដែរ ។

លោក កុយ សារ៉េន ក៏បានលើកឡើងថា នាពេលកន្លងមកក្រុមហ៊ុនរបស់លោក ក៏រងការខាតបង់់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារតែមានជនអគតិខ្លះមានការឈ្នានីសលួចចូលដុតអំពៅក្នុងចំការរាប់សិបហិចតាហើយមិនតែប៉ុណ្ណោះ ក៏មានបងប្អូនខ្លះលួចកាប់អំពៅរបស់ក្រុមហ៊ុនដាក់លើរថយន្តរួចយកទៅលក់ក្នុងបណ្ដាស្រុកផ្សេងៗក្នុងទឹកដីខេត្តស្វាយរៀងផងដែរ ។

បន្ទាប់មក លោកក៏បានលើកឡើងពីវិស័យកសិឧស្សាហកម្មក្នុងស្រុកស្វាយទាបក្នុង ឃុំមួយចំនួន មានការអភិវឌ្ឍន៍ហួសពីការស្មាន ដោយខាងក្រុមហ៊ុនរបស់លោក ជួយស្វែងរកអ្នកវិនិយោគ និងជួយកសាងជុសជុលផ្លូវមួយចំនួន ងាយស្រួលដល់បងប្អូនលោកតា លោកយាយ ក្នុងការធ្វើដំណើរ និងដឹកកសិផល ទៅលក់លើទីផ្សារ ព្រមទាំងក្រុមហ៊ុនជួយការងារសង្គមជាច្រើន ក៏ដូចជាឧបត្ថមជាសម្ភារសិក្សា និងថវិកាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រខ្វះខាតជារៀងរាល់ឆ្នាំផងដែរ ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ កម្ពុជា ទូទាំងប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដោយអភិវឌ្ឍន៍លើដំណាំ កៅស៊ូ អំពៅ ដំឡូងមី និងផលិតស្រូវ មានការកើនឡើងជា លំដាប់ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងខេត្ត ស្វាយរៀងបាន នាំផលិតផលអំពៅ ពោត ដំឡូងមី និងកៅស៊ូ រាប់សិបតោនទៅកាន់ទីផ្សារក្រៅខេត្ត ដើម្បីប្រប្រមូលរូបីយបណ្ណ័បរទេស យកមកធ្វើ ការអភិវឌ្ឍន៍ខេត្ត និងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅ ក្នុងតំបន់បានល្អមួយ កម្រិតទៅតាមគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូលផងដែរ ៕ យឹម សុថាន