ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរអប្សរាគ្រោងនឹងដាក់តាំងបង្ហាញទូកដែលមានអាយុកាល៨០៩ឆ្នាំ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាគ្រោងដាក់តាំងពិព័រណ៍ឲ្យសាធារណជននិងភ្ញៀវទេសចរជាតិ អន្តរជាតិបានទស្សនា ព្រមទាំងទទួល ព័ត៌មានលម្អិតពីប្រវត្តិនៃទូកបុរាណខ្មែរ ដែលទើបបានរកឃើញ។ គេហទំព័ររបស់ អាជ្ញាធរជាតិអប្សរា បានចុះផ្សាយថា ខ្លួន នឹងរកទីកន្លែងសមស្រប ដើម្បីតាំងបង្ហាញ ទូកបុរាណនោះ ជូនសាធារណជនក៏ដូចជា ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានទស្សនានិងសិក្សា ឈ្វេងយល់កាន់តែច្បាស់ ក្នុង នោះគ្រោងដាក់បង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬ សារមន្ទីរដែលមានស្រាប់ ។

ទូកបុរាណមួយនេះត្រូវបានគេប្រទះ ឃើញកាលពីខែមេសា ឆ្នាំ២០១៦កន្លង ទៅស្ថិតក្នុងការដ្ឋានបូមខ្សាច់មួយកន្លែងជាអតីតស្ទឹងពួកចាស់ជាប់នឹងស្ទឹងសៀម រាប ដែលហូរទៅកាន់ស្រុកពួក ក្នុងភូមិ បំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

យោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិ អប្សរាបានឲ្យដឹងថា ទូកបុរាណមួយនេះ មានអាយុកាល៨០៩ឆ្នាំមកហើយពោល គឺបានកប់ក្នុងដីជម្រៅរហូតដល់៧ម៉ែត្រ ជាប្រភេទទូកឃ្លោងធ្វើអំពីដើមគគីរមួយ ដើមទាំងមូលមានបណ្តោយប្រវែង ១២,៨៣ម៉ែត្រ ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍ តំបន់ប្រវត្តិសាស្ត្រ អង្គរ (ICC-Angkor) កាលពីជាងពាក់ កណ្តាលខែមិថុនា ឆ្នាំ២០១៦កន្លងទៅ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រ នៃគណៈកម្មា ធិការ ICC-អង្គរ បានប្រកាសថា ទូក បុរាណមួយនេះ ត្រូវបានគេកំណត់កាល បរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរជ្ជកាលរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ ។

លោកសាស្ត្រាចារ្យរូបនេះបានបញ្ជាក់ថា ការកំណត់អាយុកាលរបស់ទូកបុរាណ នេះ គឺយោងតាមលទ្ធផលនៃការវិភាគស្រាវជ្រាវរបស់មន្ទីរពិសោធន៍ដ៏ល្បីល្បាញជាងគេលើពិភពលោកនៅប្រទេសញូវហ្សេ ឡែន ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់លាស់បំផុតនិងមានការទទួលស្គាល់ជាលក្ខណៈ សកល ៕ ហេង សូរិយា

 

SR_1 copy