ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​មិន​ទាន់​ចាត់វិធានការ​លើ​អ្នក​រំលោភ​ដី​មាត់បឹង​ព្រែក​ទប់​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ប្រជាពលរដ្ឋ​ខេត្ដ​ ព្រះ​សីហ​នុ​កំពុង​រង់ចាំ​ចំណាត់ការ​តាម​ ផ្លូវច្បាប់​របស់​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ ថា​ អាច​មាន​វិធានការ​តាម​ផ្លូវច្បាប់​ មាន​ប្រសិទ្ធភាព​ទៅ​លើ​ជន​រំលោភ​ដី​ ចំណី​មាត់បឹង​ព្រែក​ទប់​ជា​បឹង​សម្រាប់​ រក្សា​ប្រភព​ទឹក​ស្អាត​ ។​

​បឹង​ព្រែក​ទប់​ដែល​ជា​ប្រភព​ទឹក​ស្អាត​ដ៏​សំខាន់​ទុក​ប្រើប្រាស់​នៅ​ទូ​ទាំង​ខេត្ដ​នេះ​ បាន​រង​ការ​រំលោភ​បំពាន​ធ្វើ​ជា​កម្មសិទ្ធិ​ ឯកជន​ ។​ បញ្ហា​នេះ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់​ ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ដ្រី​រដ្ឋាភិបាល​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ រំលោភ​យក​ដី​បឹង​ព្រែក​ទប់​ឱ្យ​ដកខ្លួន​ជា​ បន្ទាន់​ព្រោះ​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ដ​ព្រះ​សីហ​នុ​ ចង់​ឃើញ​ចំណាត់ការ​តាម​ផ្លូវច្បាប់​ ឱ្យ​ស្រប​តាម​ការ​អនុវត្ដ​អនុសាសន៍​របស់​ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ដែល​ បាន​ព្រមាន​ធ្ងន់ៗ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ ។​

​ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​វិធានការ​ទៅ​លើ​អ្នក​ ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​ចាក់​ដី​ លុប​មាត់បឹង​ព្រែក​ទប់​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ​ ។​ ប្រជាពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​ ថា​ មាន​មន្ដ្រី​ក្រោម​ឱវាទ​ខេត្ដ​នេះ​ អាច​ អនុវត្ដ​អនុសាសន៍​របស់​សម្ដេច​ក្រឡា​ ហោម​ ស​ ខេ​ង​ បាន​ដាក់​ចេញ​ទាក់ទង​ វិធានការ​ទប់ស្កាត់​ និង​មាន​ចំណាត់​ ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​បុគ្គល​ ឬ​អ្នក​ ជាប់​ពាក់ព័ន្ធ​ការ​ទន្ទ្រាន​កាន់កាប់​ចំណី​ដី​មាត់បឹង​ព្រែក​ទប់​មាន​ប្រសិទ្ធភាព​ទេ​ ។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ពិធី​ប្ដូរ​តំណែង​អភិ​ បាល​ខេត្ដ​ព្រះ​សីហ​នុ​ថ្មី​ បាន​ព្រមាន​មិន​ បញ្ចេញ​ឈ្មោះ​ដល់​មន្ដ្រី​ ឬ​អ្នក​ពាក់ព័ន្ធ​ សកម្មភាព​រំលោភ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ខុសច្បាប់​ទាំងឡាយ​ឱ្យ​ដកខ្លួន​ជា​បន្ទាន់​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ ។​ ប៉ុន្ដែ​ក្នុង​ឱកាស​នោះ​សម្ដេច​មិន​ ទាន់​បង្ហាញ​ចំណាត់ការ​តាម​ផ្លូវច្បាប់​ ទៅ​លើ​ជន​ប្រព្រឹត្ដ​ល្មើស​ត្រូវ​ផ្ដន្ទាទោស​ បែប​ណា​ទេ​ ។​

​តាម​របាយការណ៍​របស់​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ខេត្ដ​ព្រះ​សីហ​នុ​ បង្ហាញ​ថា​ បច្ចុប្បន្ន​នេះ​បឹង​ព្រែក​ទប់​ មាន​ផ្ទៃ​សរុប​ទំហំ​ប្រមាណ​១៥​ហិ​កតា​ និង​អាច​ស្ដុក​ទឹកបាន​ប្រហែល​៥០​ម៉ឺន​ ម៉ែត្រគូប​ ។​

​បញ្ហា​នេះ​មន្ដ្រី​សាលាខេត្ដ​ព្រះ​សីហ​នុ​ ចូល​និវត្ដន៍​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ មានការ​រំលោភ​ផ្ទៃ​បឹង​ព្រែក​ទប់​មាន​ផ្ទៃ​បឹង​រួម​ទាំង​ផ្ទៃ​រងទឹក​ភ្លៀង​ដី​ហ៊ុម​ព័ទ្ធ​ជុំវិញ​មាត់បឹង​សរុប​មាន​ចំនួន​ប្រមាណ​២៧០​ហិ​កតា​ ។​ ក្រោយមក​ពេល​មាន​សកម្មភាព​ ទន្ទ្រាន​កាន់កាប់​ដី​ផ្ទៃ​រងទឹក​ភ្លៀង​ខុសច្បាប់​ពី​ឈ្មួញ​ និង​មន្ដ្រី​មាន​អំណាច​ក្នុង​ជួរ​ រដ្ឋាភិបាល​ដោយ​មានការ​ឃុបឃិត​ពី​មន្ដ្រី​ស្ថាប័ន​ជំនាញ​ខ្លះ​នា​ខេត្ដ​ព្រះ​សីហ​នុ​ផ្ទៃ​ បឹង​ព្រែក​ទប់​បាន​រួម​នៅ​សល់​ជាង​៩០​ ហិ​កតា​ ដែល​កាល​ណោះ​ក្នុង​អាណត្ដិ​លោក​ សាយ​ ហាក់​ ធ្វើ​ជា​អភិបាលខេត្ដ​ ។​

​បន្ដ​មក​ទៀត​មក​ដល់​អាណត្ដិ​ទី​៤​ ដែល​លោក​ ស្បោង​ សា​រ៉ាត់​ ដឹកនាំ​ខេត្ដ​ ព្រះ​សីហ​នុ​វិញ​ ដី​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ នៅ​សេសសល់​ជាង​៩០​ហិ​កតា​ ត្រូវ​មន្ដ្រី​ និង​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់​ ដោយ​កាល​ណោះ​លោក​ ស្បោង​ សា​រ៉ាត់​ បាន​សម្រេច​រក្សា​ការ​ ពារ​ផ្ទៃ​បឹង​ព្រែក​ទប់​ចន្លោះ​ពី​១៤​ទៅ​១៥​ ហិ​កតា​ប៉ុណ្ណោះ​ ។​

​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​ សីហ​នុ​បាន​ប្ដេជ្ញា​ថា​ នឹង​ខំ​ពង្រឹង​អនុវត្ដ​ អនុសាសន៍​ការពារ​បឹង​ព្រែក​ទប់​ឱ្យ​ស្រប​តាម​ការ​ចង្អុលបង្ហាញ​របស់​សម្ដេច​ ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ ដោយ​យក​ ចិត្ដ​ទុកដាក់​ ។​ លោក​ថា​ បញ្ហា​ទន្ទ្រាន​ កាន់កាប់​មាត់បឹង​ព្រែក​ទប់​ និង​បញ្ហា​ ផ្សេងៗ​ទៀត​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​ចង្អុលបង្ហាញ​ឱ្យ​រក្សា​ការពារ​រូប​ លោក​និង​ថ្នាក់ដឹកនាំ​ខេត្ដ​ដទៃ​ទៀត​នឹង​ អនុវត្ដ​ឱ្យ​បាន​ ។​

​បច្ចុប្បន្ន​នេះ​ ផ្ទៃ​រងទឹក​ភ្លៀង​ឬ​ដី​ចំណី​ មាត់បឹង​ព្រែក​ទប់​មា​នទី​តាំងនៅ​ក្នុង​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ គេ​សង្កេត​ ឃើញ​មាន​របង​ថ្ម​ហ៊ុម​ព័ទ្ធ​ទុក​ចោល​ ហើយ​ មាន​សកម្មភាព​លួច​ចាក់សំរាម​ចូល​ក្នុង​ផ្ទៃ​បឹង​ជា​បន្ដបន្ទាប់​ ។​

​វិឡា​ធំ​ស្កឹមស្កៃ​ដែល​សង់​មាន​ទំហំ​ធំ​ជាង​វត្ដ​លោក​ ហើយ​សង់​ជិត​រួចរាល់​ជា​ ស្ថាពរ​មាន​ទីតាំង​ជាប់​មាត់បឹង​ព្រែក​ទប់​ រាល់​ថ្ងៃនេះ​ប្រជាពលរដ្ឋ​និង​មន្ដ្រី​សាលា​ ខេត្ដ​ព្រះ​សីហ​នុ​បាន​អះអាង​ថា​ ជា​កម្ម​ សិទ្ធិ​របស់​លោក​ តាក់​ វណ្ណ​ថា​ អតីត​ស្នង​ ការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ ហើយ​ បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ក្រុម​ ប្រឹក្សា​ខេត្ដ​ព្រះ​សីហ​នុ​ ។​ សំណង់​នេះ​មន្ដ្រី​ ខេត្ដ​ព្រះ​សីហ​នុ​ និង​មន្ដ្រី​សង្គម​ស៊ី​វិល​ ខ្លះ​និយាយ​ថា​ សង់​មាន​ប្លង់​កម្មសិទ្ធិ​ និង​ មានច្បាប់​សាងសង់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ខេត្ដ​ទេសចរណ៍​មួយ​នេះ​ ។​ ប៉ុន្ដែ​មាន​មន្ដ្រីរាជការ​ ខ្លះ​ទៀត​និយាយ​ថា​ សំណង់​របស់​លោក​ តាក់​ វណ្ណ​ថា​ សង់​នៅ​ជាប់​មាត់បឹង​ព្រែក​ ទប់​សង់​គ្មាន​ច្បាប់​ទេ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

 

dew (2)