ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រី​យ៍​ស្រុក​អន្លង់​វែង​កំពុង​លក់​ដី​ព្រៃ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់​

​ខេត្តឧត្តរមានជ័យ ​៖ ដី​ព្រៃឈើ​របស់​រដ្ឋ​ជា​ច្រើន​រយ​ហិ​កតា​ ដែល​ពុំ​ទាន់​មានការ​បែងចែក​ និង​ជា​ដី​បម្រុង​ទុក​របស់​ពលរដ្ឋ​សព្វថ្ងៃ​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ និង​ក្រុម​ឈ្មួញ​ បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ ឃុំ​ត្រពាំង​ប្រី​យ៍​កាប់​បំផ្លាញ​ព្រៃ​រាន​យក​ដី​គ្មាន​សល់​។​

​ទីតាំង​ខាងលើ​ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ជាប់​នឹង​ព្រៃ​សហគមន៍​សាមគ្គី​ ក្នុងភូមិ​សាមគ្គី​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ដែល​តំបន់​ខាងលើ​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​ព្រៃ​ និង​រណារ​យន្ត​អារឈើ​ កាត់ឈើ​យ៉ាង​អនាធិបតេយ្យ​ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ណា​ ចុះ​ទៅ​បង្ក្រាប​នោះ​ឡើយ​។​ នៅ​ទីតាំង​តាម​ចំណុច​ឈូស​ឆាយ​នីមួយៗ​ ដែល​ក្រុម​ឈ្មួញ​ និង​ប្រជាពលរដ្ឋ​ បាន​បង្ហាញ​ពី​លិខិត​ទិញ​លក់​ និង​ផ្ទេរសិទ្ធិ​ដី​ ពី​អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រី​យ៍​ ។​

ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ គាត់​បាន​ទិញ​ពី​លោក​ សុ​ន​ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ និង​មានការ​ទទួលស្គាល់​ដោយ​ត្រា​ឃុំ​ របស់​លោក​ ស៊ូ​ ណាត​ ជា​មេឃុំ​ត្រពាំង​ប្រី​យ៍​ បាន​ចុះហត្ថលេខា​ ក៏​ប៉ុន្តែ​ពុំ​មាន​ហត្ថលេខា​ និង​លិខិត​ផ្សេងៗ​របស់​មេ​ភូមិ​សាមគ្គី​នោះ​ឡើយ​ ។​

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ អឿ​ សេង​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ រស់នៅ​ភូមិ​សាមគ្គី​ ឃុំ​ត្រពាំង​ប្រី​យ៍​ ដែល​ជា​ម្ចាស់​ដី​កំពុង​តែ​ឈូស​ឆាយ​ព្រៃ​ខាងលើ​បានឱ្យ​ដឹង​ថា​ ដី​ព្រៃ​ទាំងនេះ​គាត់​ទិញ​ពី​ក្រុមប្រឹក្សា​ឃុំ​ ម្នាក់​ឈ្មោះ​ សុ​ន​ តែ​គាត់​មិន​ចង់​ទិញ​ទេ​ ព្រោះ​ជា​ដី​ព្រៃ​ ហើយ​បើសិនជា​គ្មាន​ចេញ​លិខិត​អនុញ្ញាតិ​ពី​មេឃុំ​ ក៏​គាត់​មិន​ហ៊ាន​ទិញ​ដែរ​។​ ដី​ដែល​គាត់​បាន​ទិញ​ គឺ​ក្នុង​១​ហិ​កតា​ តម្លៃ​៧០០​ដុល្លារ​ ។​ គាត់​ក៏​បាន​បញ្ជាក់​ថា​ ដី​ព្រៃ​នៅ​ជុំវិញ​ដី​របស់​គាត់​ ហើយ​កំពុង​ឈូស​ឆាយ​ ក៏​សុទ្ធតែ​ទិញ​ពី​អាជ្ញាធរ​ឃុំ​ទាំងអស់​ដែរ​។​

សព្វថ្ងៃ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​នៅ​ជុំវិញ​ សហគមន៍​សាមគ្គី​ព្រៃឈើ​ ហើយ​ក៏​ជា​ដី​បម្រុង​របស់​រដ្ឋ​រាប់រយ​ហិច​តា​ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រី​យ៍​ កាត់​លក់​បន្តិច​ម្តងៗ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​ដី​ព្រៃ​ស្ទើរ​គ្មាន​សល់​ទៅ​ហើយ​។​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​សាមគ្គី​នេះ​ ដែល​ជា​ភូមិ​ទើបនឹង​កើត​ថ្មី​ ភាគច្រើន​ គឺ​មិន​ទាន់​មាន​ដីស្រែ​ចំការ​បង្កបង្កើន​ផល​សម្រាប់​ប្រកប​របរ​អាជីវកម្ម​ចិញ្ចឹមជីវិត​ ដោយសារ​តែ​គ្មាន​លទ្ធភាព​ទិញ​ដី​ពី​អាជ្ញាធរ​ ព្រោះ​អាជ្ញាធរ​បាន​បែងចែក​តែ​ដី​សង់​លំនៅ​ដ្ឋា​ន​ប៉ុណ្ណោះ​ រីឯ​ដីស្រែ​ចំការ​ទាល់តែ​មាន​លុយ​ទើប​មាន​ធ្វើស្រែ​ចម្ការ​ដូច​គេឯង​។​

ភ្នា​ក់​ការងារ​កាសែត​នគរវត្ត​បាន​ព្យាយាម​ស្វែងរក​ការ​ទំនាក់ទំនង​ពី​លោក​ សុ​ន​ និង​លោក​មេឃុំ​ត្រពាំង​ប្រី​យ៍​ ស៊ូ​ ណាត​ តែ​មិន​អាច​បំភ្លឺ​បាន​ទេ​ ព្រោះ​ពុំ​មាន​ទូរស័ព្ទ​ ៕

vlcsnap-2015-02-20-15h05m33s229

vlcsnap-2015-02-20-15h06m01s240

vlcsnap-2015-02-20-15h05m19s78