ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងតែញុះញង់ប្រទេសអាហ្វ្រិកកុំឲ្យជឿចិន

ក្រោយពេលដែលចិនបានលូកដៃចូលក្នុងទ្វីបអាហ្វ្រិក ជាតំបន់ដែលអាមេរិកបានបោះបង់ចោល ពេលនេះអាមេរិកកំពុងតែព្រួយបារម្ភ ពីការបាត់បង់តំបន់នេះធ្លាក់ទៅក្នុងដៃរបស់ចិន ដោយសារតែចិនបានប្រើប្រាស់នយោបាយចាយប្រាក់ជាច្រើននៅក្នុងតំបន់នោះ។

ក្រៅពីទ្វីបអាហ្រិ្វក ចិនក៏បានចំណាយប្រាក់ជាច្រើន ទៅលើតំបន់អាមេរិកឡាទីន អឺរ៉ុប និងអាស៊ី។ សកម្មភាពរបស់ចិនទទួលបានការគាំទ្រជាច្រើន ពីសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសដែលត្រូវការការអភិវឌ្ឍ វិនិយោគ ជាច្រើនពីប្រទេសចិន។

សកម្មភាពរបស់ចិននាពេលនេះ បានធ្វើឲ្យអាមេរិកកាន់តែបារម្ភ ដោយកន្លងមក អាមេរិកបានចោទប្រកាន់ចិន ថាបានប្រើប្រាសទឹកប្រាក់ដើម្បីទាក់ទាញ ប្រទេសជុំវិញពិភពលោក ក្នុងនោះមានទាំងសម្ពន្ធមិត្តអាមេរិកផងដែរ។

អ្វីដែលចាប់អារម្មណ៍នាពេលនេះ គឺរដ្ឋមន្ត្រីការបរទេសអាមេរិក បានដើរប្រាប់បណ្តាប្រទេសអាហ្វ្រិក ឲ្យប្រយ័ត្នពីនយោបាយចិន ហើយរឿងនេះ កំពុងបង្កកំហឹងជាខ្លាំងដល់ទីក្រុងប៉េកាំងទៀតផង។

ការលើកឡើងនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិុច ធីលល័រសុន ពាក់ព័ន្ធនឹងតួនាទីរបស់ចិននៅក្នុងតំបន់អាហ្វ្រិក គឺជារឿងមិនពិត ហើយវាជាការបង្ខូចកេរ្តិ៍ឈ្មោះចិន ដែលជារឿងមួយដ៏អាម៉ាស់បំផុត។ នេះបើតាមអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអាហ្រ្វិកខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

NKD-36x6_outline

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ចំថ្ងៃដែលោក ធីលល័រសុន បញ្ចប់ទស្សនកិច្ចនៅអាហ្រ្វិក អគ្គរដ្ឋទូតចិន លោក លីន សុងទៀន (Lin Songtian) បានកត់សម្គាល់យ៉ាងដូច្នេះថា «មន្ត្រីការទូតកំពូលអាមេរិក បានជ្រើសរើសកន្លែងខុសប្រធានបទ ប្រឆាំងនឹងគោលដៅខុស… ដែលទាំងនេះ ជាហេតុផលអាហ្វ្រិកនិយាយប្រាប់លោក ពាក់ព័ន្ធនឹងចិន គឺជារឿងមិនពិត និងខុសទាំងស្រុង។ ខ្ញុំសូមទោស ដែលនិយាយថា នេះគឺជារឿងមួយដ៏អាម៉ាស់»។

គួររំលឹកថា នៅអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅអាហ្រ្វិក លោក ធីលល័រសុន បានប្រាប់បណ្ដាប្រទេសអាហ្វ្រិកទាំងអស់ឲ្យប្រយ័ត្នប្រយែងចំពោះជំនួយកម្ចីហិរញ្ញវត្ថុរបស់ចិន ដ្បិតលោកយល់ថា វាជាអន្ទាក់បំណុល និងធ្វើឲ្យដែនអធិបតេយ្យភាពអាហ្រ្វិកចុះទន់ខ្សោយ។

យ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក Lin Songtian បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន និងក្រុមហ៊ុនចិនបានវិនិយោគ លុយជាង ១០០ពាន់លានដុល្លារ នៅអាហ្រ្វិក ព្រមទាំងបានកសាងផ្លូវដែកប្រវែង ៦.៥០០គីឡូម៉ែត្រ, ផ្លូវហាយវ៉េ ៦.០០០ គីឡូម៉ែត្រ សាលារៀន ២០០ខ្នង និងពហុកីឡដ្ឋាន ៨០កន្លែង៕ ម៉ែវ សាធី