ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចិនកំពុងតែលេងល្បែងចាប់ជម្រិតពាណិជ្ជកម្មគ្នាទៅវិញទៅមក

នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសត្រួតពិនិត្យ តម្លើងពន្ធលើទំនិញចិនដែលមានតម្លៃរហូតដល់ ១០០ពាន់លានដុល្លារ។

ការប្រកាសតម្លើងពន្ធគ្នាទៅវិញទៅមក របស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺមិនខុសអ្វីពីការការចាប់ជម្រិតគ្នានោះឡើយ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺការប្រកាសតម្លើងពន្ធទាំងនោះមិនទាន់ចូលជាធរមាននៅឡើយ។ ការប្រកាសតម្លើងពន្ធគ្នាទៅវិញទៅមក គឺដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាស្វែករកតុល្យភាពនៅក្នុងពាណិជ្ជកម្ម។

ភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម អាមេរិក-ចិន បន្តតានតឹង ដោយប្រទេសទាំងពីរស៊ីសងគ្នាភ្លាមៗមិនទុកយូរឡើយ។ ក្រោយពេលចិនប្រកាសតម្លើងពន្ធនាំចូលផលិតផលអាមេរិក១២៨មុខ អាមេរិកក៏ប្រកាសតម្លើងពន្ធផលិតផលរបស់ចិន១.៣០០មុខ ភ្លាមៗ។ ប៉ុន្តែចិនក៏មិនរាថយនោះឡើយ ដោយបន្តប្រកាសតម្លើងពន្ធផលិតផលអាមេរិក ១០៦បន្ថែមទៀត។ នៅថ្ងៃទី៥ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់ក្រសួងពាណិជ្ជកម្មត្រួតពិនិត្យ តម្លើងពន្ធទ្វេដងទៅលើទំនិញរបស់ចិន។

NKD-36x6_outline

ក្រោយចិនប្រកាសតបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងសេចក្តីប្រកាសថ្មីបំផុតបញ្ជាក់ថា «ទីក្រុងប៉េកាំង បែជាមិនកែកំហុសរបស់ខ្លួនបែជាជ្រើសរើសបង្កឲ្យប៉ះពាល់ដល់កសិករអាមេរិកទៅវិញ» ដូច្នេះលោក ត្រាំ បានបញ្ជាឲ្យក្រសួងពណិជ្ជកម្មត្រួតពិនិត្យតម្លើងពន្ធទ្វេដងលើផលិតផលអាមេរិក ពី៥០ពាន់លានដុល្លារឡើងដល់១០០ពាន់លានដុល្លារ។

អាមេរិក-ចិន និងមានឱកាសតំបូងបំផុតនៅក្នុងការដោះស្រាយវិបត្តិពាណិជ្ជកម្ម ទ្វេភាគីនៅក្នុងកិច្ចប្រជុំមូលនិធីរូបិយវត្ថុអន្តរជាតិ IMF និងធានាគារពិភពលោក WB នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី២-២២ ខែមេសាខាងមុខ។ ប៉ុន្តែមកទល់ពេលនេះ ប្រទេសទាំង២មិនទាន់មានគម្រោងណាមួយ ដើម្បីជួបពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម ដែលកំពុងតែប្រឈមនឹងវិវាទនោះ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅរបស់អាមេរិក ក្នុងការតម្លើងពន្ធ ផលិតផលរបស់ចិនគឺដើម្បីទប់ស្កាត់ទំនិញរបស់ចិនវាយលុកនៅលើទីផ្សាអាមេរិក និងពិភពលោក ក្នុងពេលដែលចិន បានខិតខំបង្កើន ផលិតផលគុណភាពខ្ពស់ «Made in china»៕ ម៉ែវ សាធី