ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនៅតែផ្តល់អាវុធឲ្យក្រុមភេរវកម្មIS តាមរយៈប្រទេសទី៣

កាលពីថ្ងៃទី៤ ខែកញ្ញា រដ្ឋាភិបាល ទីក្រុងដាម៉ាកាស បានចោទប្រកាន់អាមេរិកនិងសម្ពន្ធមិត្ត ថាបានផ្តល់អាវុធទៅឲ្យក្រុមភេរវកម្ម IS និងក្រុម Nusra ដើម្បីវាយ ប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាល តាមរយៈប្រទេសទី៣នៅអឺរ៉ុប ខាងកើត ក្នុងនោះមានអ៊ុយក្រែន ឬប្រទេសតំបន់ Balkan ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន ក្រោយកិច្ចប្រជុំស្តីពីការទប់ស្កាត់ការផ្តល់អាវុធទៅឲ្យក្រុមភេរវកម្ម រដ្ឋ លេខាធិការក្រសួងការបរទេសស៊ីរី លោក Alaa Saeed Din Hamdan បានបញ្ជាក់ថា «ជាការពិតណាស់ អាមេរិកនិងសម្ពន្ធមិត្តបានផ្តល់អាវុធមួយចំនួនធំទៅឲ្យក្រុមភេរវកម្ម IS និង Nusra តាមរយៈប្រទេសទី៣ នៅតំបន់អឺរ៉ុបខាងកើត អ៊ុយក្រែន ឬ ប្រទេស តំបន់ Balkan ។ លោក Hamdan បញ្ជាក់ ទៀតថា ស៊ីរីមានការរីកចម្រើននៅក្នុង សកម្មភាពកម្ចាត់ក្រុមភេរវកម្ម ប៉ុន្តែការលូកដៃពីខាងក្រៅបានរារាំងដល់ជ័យជម្នះរបស់ទាហានស៊ីរី ។ លោកបន្តទៀតថា អាវុធ រាប់រយតោន បានបញ្ជូនដល់ដៃក្រុមភេរវកម្មតាមកំពង់ផែប្រទេសហ្ស៊កដង់ ចូលទៅ កាន់តំបន់ភាគខាងត្បូង ស៊ីរី។

រយៈពេលកន្លងមក កម្លាំងទាហានស៊ីរីដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រងវិញ ។ ក្រុមភេរវកម្មនៅតែបន្តវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ក្នុងតំបន់មួយ ចំនួន ដែលពួកគេគ្រប់គ្រង ។ កន្លងមក​កម្លាំងទាហានស៊ីរីបានរកឃើញឃ្លាំងអាវុធជាច្រើនកន្លែងរបស់ក្រុមភេរវកម្ម IS ហើយមានឃ្លាំងអាវុធជាច្រើនត្រូវបានក្រុមភេរវកម្មលាក់ទុកនៅក្នុងផ្ទះពលរដ្ឋធម្មតា ដើម្បី បញ្ចៀសការតាមដាន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សារព័ត៌មានCNN នៅថ្ងៃទី៤ ខែកញ្ញាបានផ្សាយថា មានព័ត៌មានជាច្រើនដែលបណ្តាញផ្សព្វផ្សាយ ខាងលើទទួលបានគឺរុស្ស៊ីចាប់ផ្តើមវាយ ប្រហារទៅលើទីតាំងចុងក្រោយរបស់ក្រុមបះបោរ ប្រឆាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយលោកខាងលិច ។

សារព័ត៌មានAFP បានដកស្រង់ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបានឲ្យដឹងថា«យន្តហោះ យោធារុស្ស៊ី បានទម្លាក់គ្រាប់ បែក នៅក្នុងខេត្ត Idlib ក្រោយរយៈពេល ២២ថ្ងៃ ផ្អាកវាយប្រហារ ។ ការវាយប្រហាររបស់ទាហានអាកាសរុស្ស៊ីកើតឡើង ក្រោយ ពេលដែលក្រុមបះបោរ បានវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នៅ ក្នុងខេត្ត Latakia ជាប់ខេត្តIdlib ។

សារព័ត៌មានខាងលើបានផ្សាយថា រុស្ស៊ីចាប់ផ្តើមវាយប្រហារ ទៅលើទីតាំង ក្រុមប្រឆាំង នៅទីក្រុង Jisr Al Shughour និងAriha ក្នុងខេត្ត Idlib នាថ្ងៃទី៤ ខែកញ្ញា ។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងមូស្គូមិនទាន់មានប្រតិកម្មអ្វីនោះឡើយ ជុំវិញព័ត៌មាន ខាងលើ។

ការវាយប្រហារកើតឡើង ក្រោយពេលកម្លាំងទាហានរដ្ឋាភិបាលស៊ីរី បង្កើនការឡោមព័ទ្ធជុំវិញខេត្តIdlib ជាទីតាំងចុង ក្រោយ បំផុតរបស់ក្រុមស្និទ្ធនឹងលោកខាងលិច ។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានសរសេរនៅលើបណ្តាញសង្គម Twitter ថា ការវាយប្រហាររបស់ទាហានស៊ីរីទៅលើខេត្ត Idlib គឺមានការចូលរួមព រុស្ស៊ី អីុរ៉ង់ នឹងបង្កឲ្យមានពលរដ្ឋរាប់ពាន់នាក់ស្លាប់៕ ម៉ែវ សាធី