ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្តេជ្ញារារាំងចិនមិនឲ្យធ្វើអ្វីតាមតែចិត្ត

សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថាអាមេរិក «គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅ សមុទ្រចិនខាងត្បូង» និងអះអាងថា មិនអាចឲ្យចិនធ្វើអ្វីៗស្រេចតែចិត្តទៀតឡើយ។

ក្រុមមន្ត្រីអាមេរិកជាច្រើននាក់បាននិយាយថា កងនាវាអាមេរិកនឹងធ្វើសម យុទ្ធយោធាទ្រង់ទ្រាយធំមួយ តាមរយៈ ការបន្តបញ្ជូននាវាពិឃាត និងយន្ដហោះ ចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ជាពិសេសគឺទៅក្បែរតំបន់ដែនទឹកដែល ចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។

ថ្លែងប្រាប់ CNN នៅសប្ដាហ៍នេះ ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមយោធាអាមេរិកក៏បានបញ្ជាក់ទៀតថា ការធ្វើសម យុទ្ធយោធា ទ្រង់ទ្រាយធំនេះអាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ក្នុងគោល បំណងបញ្ជូនសារមួយទៅកាន់ទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យទីក្រុងប៉េកាំងធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួន ឬក៏ប្រើប្រាស់អំណាចក្នុងនាមជាមហាអំណាច ទៅគំរាមកំហែងប្រទេសតូចៗ ដែលជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏នឹងបន្តដឹកនាំផងដែរការហោះហើរ ឬការធ្វើនាវាចរណ៍ទៅគ្រប់ទីកន្លែងទាំងអស់ ដែលច្បាប់អន្តរជាតិអនុញ្ញាត និងជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដើម្បី លើកកម្ពស់សេរីភាពនាវាចរណ៍។

គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីយោធាអាមេរិកខាងលើ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍មួយកាលពីថ្ងៃអាទិត្យថា ចិន បានបញ្ជូននាវាពិឃាតមួយគ្រឿង ទៅ បណ្ដេញនាវាពិឃាតអាមេរិក USS Decatur ឱ្យចេញឆ្ងាយពីតំបន់ដែនទឹកជម្លោះ ក្នុងតំបន់សមុទ្រចិនខាងត្បូង។

ចំណែកឯកងនាវាអាមេរិកបានចោទប្រកាន់ថា ទង្វើរបស់នាវាពិឃាតចិន គឺជា សកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងប៉េកំាងចាត់ទុកថា វត្តមាននាវាពិឃាតអាមេរិកនៅក្នុងតំបន់ជម្លោះគឺជា ចេតនាបង្ករឿង និងធ្វើឱ្យភាពតានតឹងកាន់តែឡើងកម្ដៅនៅក្នុងតំបន់៕ ម៉ែវ សាធី