ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកផ្អាកគម្រោងព្យុហយាត្រាយោធាដោយសារតែចំណាយប្រាក់ច្រើនពេក

ក្បួនព្យុហយាត្រាយោធា​ដែលបានស្នើឡើងដោយប្រធានាធិបតីអាមេរិកដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ត្រូវបានផ្អាកដោយសារតែ​របាយការណ៍ចំណាយច្រើនសម្រាប់រៀបចំព្រឹត្តិការណ៍ នេះ។ តាមការប៉ាន់ប្រមាណ​ប្រាក់ចំណាយ​មានរហូតដល់ទៅ​៩០លានដុល្លារ។

លោក​ Rob Manning មន្ត្រីនាំពាក្យរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា «ក្រសួងការពារជាតិ និងសេតវិមានបានព្រមព្រៀងគ្នារៀបចំពិធីដង្ហែក្បួនព្យុហយាត្រា​ ដើម្បីលើកកម្ពស់ អតីតយុទ្ធជន និងខួប​១០០ឆ្នាំនៃ​សង្គ្រាមលោកលើកទី១។ ពេលដំបូងយើងគិតថា​នឹងរៀបចំពិធីខាងលើនៅថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប៉ុន្តេពេលនេះយើងសម្រេចរៀបចំពិធីនេះនៅឆ្នាំ​២០១៩។

លោក ត្រាំ បានស្នើឲ្យដង្ហែរក្បួនព្យុហយាត្រាដើម្បីបង្ហាញពីសមត្ថភាពឥទ្ធិពលនៃកម្លាំងប្រដាប់អាវុធខ្លាំងបំផុតនៅលើពិភពលោក ដោយសារតែលោក ត្រាំ បានចាប់អារម្មណ៍ទៅលើពិធីដង្ហែក្បួនព្យុហយាត្រាយោធានៅបារំាងដែល​លោកបានទៅចូលរួមកាលពីឆ្នាំ​២០១៧។ គម្រោងដង្ហែក្បួនព្យុហយាត្រា ទទួលបានការគាំទ្រ និងជំទាស់ជាច្រើនផងដែរពីពលរដ្ឋអាមេរិក​ ដោយកម្មវិធីនេះត្រូវចំណាយប្រាក់ច្រើន។

តាមរបាយការណ៍របស់មន្ត្រី​រៀបចំបានប្រកាសកាលពីថ្ងៃទី​១៦ ខែសីហា ថាគម្រោងខាង​លើនឹងត្រូវចំណាយប្រាក់យ៉ាងតិច​៩២លានដុល្លារ ហើយអាចនឹងកើនឡើង​ជាបន្តទៀត។

អាមេរិកបានផ្អាកសកម្មភាពព្យុហយាត្រាជាច្រើនទសវត្សកន្លងមក ដោយពិធីនេះបង្កផលលំបាកយ៉ាងខ្លាំង និងធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ពេលរថក្រោះរថពាស ដែលបើកបរនៅលើដងផ្លូវនោះ៕  ម៉ែវ សាធី