ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករំពឹងថា សិស្សនិស្សិតកម្ពុជាទៅសិក្សានៅអាមេរិក រយៈពេល៥ឆ្នាំខាងមុខ នឹងមានចំនួនកើនឡើង

ខេត្តសៀមរាប៖ ក្នុងរយៈពេល០៥ឆ្នាំខាងមុខចំនួនសិស្សនិស្សិតរបស់កម្ពុជាបន្តទៅសិក្សានៅអាមេរិក អាចនឹងកើន ឡើង យោងតាមអ្នកស្រី ទីប្រឹក្សាយោបល់ស្តីពីការសិក្សានៅសហរដ្ឋអាមេរិក ហើយបើគិតពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៧នេះ ចំនួនសិស្សនិស្សិតប្រមាណ ៣០០នាក់ ដល់ជាង ៥០០នាក់ បានជ្រើសរើសនិងទៅសិក្សានៅសហរដ្ឋអាមេរិក។

ការលើកឡើងយ៉ាងដូច្នេះរបស់ អ្នកស្រី ម៉ៅ កូឡាប ទីប្រឹក្សាយោបល់ស្តីពីការសិក្សានៅសហរដ្ឋអាមេ- រិក គ្រាដែលស្ថានទូតអាមេរិកប្រចាំកម្ពុជា សហការជាមួយមជ្ឈមណ្ឌលប្រឹក្សាពីការសិក្សានៅសហរដ្ឋអាមេរិក (Education USA Advising Center) បានរៀបចំពិព័រណ៍អប់រំសិក្សានៅអាមេរិក ជូនដល់សិស្សនិស្សិតកម្ពុជា ប្រមាណជាង ២០០នាក់ កាលពីរសៀលថ្ងៃ១៣ មិថុនា ឆ្នាំ២០១៧កន្លងទៅ នៅទីរួមខេត្តសៀមរាប។ អ្នកស្រី ទីប្រឹក្សាលើកឡើងបន្តថា ជីវភាពរបស់ប្រជាជនកម្ពុជាពីមុននិងបច្ចុប្បន្ន អាចចាត់ទុកថាល្អប្រសើរជាងមុន។ ដោយឡែក បើធ្វើការប្រៀបធៀបកាលពីឆ្នាំ២០០៨ ចំនួនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេសប្រមាណ ២ពាន់នាក់ មកទល់បច្ចុប្បន្នចំនួនសិស្សមានពី ៤ពាន់ ទៅ ៥ពាន់នាក់។ ក្នុងនោះសិស្សនិស្សិតដែល ជ្រើសរើសទៅសិក្សានៅអាមេរិក ហើយអាចបង់ថ្លៃបាន មានចំនួនជិត ៥០០នាក់។

NKD-36x6_outline

បើតាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម វីលៀម ហៃស៍ (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជា បានមានប្រសាសន៍ថា មហាវិទ្យាល័យនៅសហរដ្ឋអាមេរិកមានជាង ៤៥០០មហាវិទ្យាល័យ ដែលជា ឱកាសដ៏ល្អសម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការទៅសិក្សានៅទីនោះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ឲ្យដឹងទៀតថា ការរៀបចំពិព័រណ៍អប់រំនាពេលនេះ គឺដើម្បីជួយសិស្សនិស្សិតនៅខេត្តសៀមរាប ឲ្យទទួលបានព័ត៍មានអំពី ឱកាសទៅសិក្សានៅអាមេរិក។ កម្មវិធីនេះដែរ ក៏បង្ហាញពីទំនាក់ទំនងដ៏ល្អ រវាងខេត្តសៀមរាប និងអាមេរិក ដែលខេត្តសៀមរាបនេះ ក៏ជាខេត្តមួយដែលមានភ្ញៀវទេសចរណ៍ជាជនជាតិអាមេរិកប្រមាណជា ២ម៉ឺននាក់ ក្នុងឆ្នាំ២០១៦ ដែលចំនួននេះច្រើនជាងប្រទេសអឺរ៉ុបផ្សេងទៀត ដោយបានចំណាយពេល ៣ ទៅ ៤ថ្ងៃ ដើម្បី ទស្សនាប្រាង្គប្រាសាទអង្គវត្តដែលជាបេតិភណ្ឌពិភពលោកនេះ៕ ស តារា