ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ចិននឹងពិភាក្សាស្តីពីសមុទ្រចិនភាគខាងត្បូងក្រៅកិច្ចប្រជុំG-20

សេតវិមានបានប្រកាសថា សមុទ្រចិនភាគខាងត្បូងជាប្រធានបទក្នុងកិច្ចពិភាក្សា ទ្វេភាគីអាមេរិក-ចិននៅក្រៅកិច្ចប្រជុំ G-20ដែលធ្វើឡើងនៅក្នុងប្រទេសចិននោះ។

សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េនិងវិវាទនៅសមុទ្រចិនភាគខាងត្បូងរវាងចិននឹងប្រទេសក្នុងតំបន់អាស៊ាន ជាប្រធានបទសំខាន់នៅក្នុងកិច្ច
ពិភក្សាទ្វេភាគីក្រៅកិច្ចប្រជុំ G-20 រវាង ប្រធានាធិបតីអូបាម៉ានិងលោកស៊ី ជីនពីង នាថ្ងៃទី៣ ខែកញ្ញាខាងមុខ ។

ទីប្រឹក្សាសន្តិសុខជាតិនិងយុទ្ធសាស្ត្រ អាមេរិកលោក Ben Rhodes បញ្ជាក់ថា ភាគីទាំង២នឹងពិភក្សាពីបញ្ហាសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុសន្តិសុខបណ្តាញ ការមិនរីកសាយភាយអាវុធបរមាណូ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិនក្រៅពីប្រធានបទក្តៅនៅសមុទ្រចិនភាគខាងត្បូងនិងកូរ៉េខាងជើង ។

ប្រធានាធិតីអាមេរិកនឹងទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី៤និងថ្ងៃទី៥ ខែ កញ្ញា នៅខេត្តក្វាងចូវ។ នៅជំនួបទ្វេភាគី អាមេរិក-ចិននាថ្ងៃទី៣ ខែកញ្ញា កើតឡើងពេលដែលប្រទេសទាំង២កំពុងតែមានចំណុចមិនចុះសម្រុងនឹងគ្នាជាច្រើនជុំវិញ សមុទ្រចិនភាគខាងត្បូងពិសេសការប្រឆាំងរបស់ចិនចំពោះវត្តមានប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD របស់អាមេរិកដែលបានដាក់នៅកូរ៉េខាងត្បូងត្រូវបានចាត់ទុកថាសម្តៅទៅលើប្រទេសចិន។

ពាក់ព័ន្ធនឹងវិវាទសមុទ្រចិនភាគខាងត្បូងនោះដែរប្រទេសដែលមានវិវាទជាមួយចិនបានបង្ហាញការពេញចិត្តសម្រាប់វត្តមានរបស់អាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសេរីភាពចរាចរណ៍នៅក្នុងដែនសមុទ្រអន្តរជាតិ និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

មុនពេលធ្វើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ នៅវៀតណាមនាខែកញ្ញាខាងមុខលោកប្រធានាធិបតី Tran Dai Quang បានថ្លែង ប្រាប់ថា វៀតណាមសូមគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងនិងបណ្តាប្រទេសដទៃទៀតនៅក្នុងដំណើរការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងនៅសមុទ្រចិនខាងត្បូង។ ប្រធានាធិបតី វៀតណាមបានថ្លែងបញ្ជាក់ទៀតថា សហប្រតិបត្តិការអន្តរជាតិនោះគឺមានគោលដៅធានាឱ្យបាននូវសន្ដិសុខនិងសេរីភាពក្នុងការធ្វើចរាចរណ៍តាមសមុទ្រ និងអាកាស។

គំនិតស្នើសុំជំនួយពីសហគមន៍អន្តរជាតិនៅក្នុងតំបន់កើតមានជម្លោះធ្លាប់ត្រូវបានស្នើឡើងរួចទៅហើយកាលពីខែមិថុនាកន្លងទៅដោយលោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ។ លោកស្នើសុំឲ្យមានការដើរយាមល្បាតនៅក្នុង
តំបន់ជាប់ជម្លោះពីសំណាក់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ។ ចំណែកលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកវិញកាលពីចុងខែកក្កដាកន្លងមកនាដំណើរទស្សនកិច្ចនៅហ្វុីលីពីនបានថ្លែងថាទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ។ តែវ៉ាស៊ីនតោនសុំស្នើជួយដែរដើម្បីរកការដោះស្រាយអធិករណ៍នៅសមុទ្រចិនខាងត្បូងនេះ។

សមុទ្រចិនភាគខាងត្បូងកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការធ្វើសមយុទ្ធរវាងចិននឹងប្រទេសរុស្ស៊ីក៏ដូចជាសមយុទ្ធឯកតោភាគីរបស់ចិនក្នុងការបង្ហាញពីកម្លាំងគំរាមកំហែងដល់ប្រទេស ដែលមានវិវាទ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ប្រទេសមហាអំណាចកំុជ្រៀតជ្រែកចូលក្នុងវិបត្តិរវាងចិននឹងប្រទេសជិតខាងឲ្យសោះ។

កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវ ដល់ពលរដ្ឋនៅទូទាំងប្រទេសត្រូវត្រៀលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។

អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះពីព្រោះវាអាចកើតឡើងគ្រប់ពេលវេលា ៕ ម៉ែវ សាធី

ចិន និងអាមេរិកជួបពិភាក្សា​គ្នា​នាពេលកន្លងមក

ចិន និងអាមេរិកជួបពិភាក្សា​គ្នា​នាពេលកន្លងមក