ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អាមេរិក និងកូរ៉េខាងត្បូង បន្តធ្វើសមយុទ្ធ គំរាមកំហែងដល់កិច្ចព្រមព្រៀងឧបទ្វីប

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃទី ១២ ខែវិច្ឆិកា បានផ្សាយថា ការដែលអាមេរិក និងកូរ៉េខាងត្បូង តភ្ជាប់ឡើងវិញនូវសមយុទ្ធរួម នៅលើដែនសមុទ្រ គឺជាការបំពានដល់កិច្ចព្រមព្រៀងយោធា កូរ៉េទាំងពីរ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ ។

ក្រោយរយៈពេល ជាង ៦ខែដែលបា​នផ្អាក់ធ្វើសមយុទ្ធ អាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធ ប៉ុន្តែជាសមយុទ្ធទ្រង់ទ្រាយតូច ប៉ុណ្ណោះ ដោយមានទាហានប្រមាណ ៥០០នាក់ចូលរួម។

សារព័ត៌មាន Rodong Sinmunបានផ្សាយថា កូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងនូវកម្មភាពធ្វើសមយុទ្ធរវាង អាមេរិក នឹងកូរ៉េខាងត្បូង គឺជាសកម្មភាពគំរាមកំហែងដល់ ទីក្រុងព្យុងយ៉ាង ។ សកម្មភាពគឺបានបំពានលើកិច្ចព្រមព្រៀង រវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយអំពាវនាវប​ញ្ចប់ការចងគំនុំ នៅតាមព្រំដែន ។

កាលពីសប្ដាហ៍មុន កងម៉ារីនអាមេរិក និងកូរ៉េខាងត្បូង៥០០នាក់ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយ ដែលស្ថិតនៅក្នុង ចំណោមសមយុទ្ធយោធារួមគ្នា ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សម្រេចចិត្តផ្អាកកាលពីខែមិថុនា កន្លងទៅ ជាថ្នូរនឹង ការបើកកិច្ចចរចាជាមួយកូរ៉េខាងជើង ។ ដោយឡែក ជុំវិញសមយុទ្ធយោធានេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង RodongSinmunបានថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកវា ថាគឺជាការរំលោភលើកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល នឹងទីក្រុងព្យុងយ៉ាង។

RodongSinmunបានលើកឡើងដូច្នេះថា៖ «ការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន គឺជាទង្វើរំលោភលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលត្រូវបានចុះហត្ថលេខាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងគោលបំណងបញ្ឈប់រាល់សកម្មភាពប្រឈមមុខដាក់គ្នាទាំងអស់… ហើយមិនតែប៉ុណ្ណោះ វាក៏ប្រឆាំងផងដែរ នឹងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ»។ តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងសេអ៊ូល បានទាត់ចោលការថ្កោលទោសរបស់កូរ៉េខាងជើង ដោយអះអាងថា សមយុទ្ធដែលខ្លួនធ្វើជាមួយ សហរដ្ឋអាមេរិក គឺគា្រន់តែជាសមយុទ្ធទ្រង់ទ្រាយតូចមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីសប្ដាហ៍មុន បានព្រមានថា ខ្លួននឹងអនុវត្តគោលនយោបាយផលិតអាវុធនុយក្លេអ៊ែរឡើងវិញ បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងព្យុងយ៉ាងទេនោះ ។ ចំណែកឯ មន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើននាក់ក៏បានសន្យាដែរថា ទណ្ឌកម្មនឹងមិនត្រូវបានបន្ធូរបន្ថយ ឬដកចេញជាដាច់ខាត រហូតទាល់តែកូរ៉េខាងជើងរំសាយ អាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុនសិន។

កន្លងមកកូរ៉េខាងជើង ក៏បានប្រកាសផងដែរ ថា ប្រសិនបើអាមេរិក នៅតែបន្តសកម្មភាព ដោយមិនបានផ្តល់ការជឿជាក់ដល់កូរ៉េខាងជើង ក៏ដូចលុបទណ្ឌកម្មសេដ្ឋកិច្ច នោះ កូរ៉េខាងជើង អាចនឹងបន្តសកម្មភាព ផលិត មីស៊ីល និងបរមាណូ ជាបន្តទៀត ដើម្បីការពារខ្លួន ។

ការខិតខំចង់បានសន្តិភាពរបស់ទីក្រុងព្យុងយ៉ាង មិនទទួលបានការឆ្លើយតប់ជាវិជ្ជមានពីអាមេរិក នៅឡើយទេ ផ្ទុយទៅវិញអាមេរិក នៅតែបន្តរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងដដែល ។ កន្លងមក ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះ មានចិន និងរុស្ស៊ី ជាដើម បានស្នើឲ្យអង្គការសហប្រជាជាតិ និងអាមេរិកលុបទណ្ឌកម្មដល់កូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះ មានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

អាមេរិកចោទកូរ៉េខាងជើង ថាមានទីតាំងមីស៊ីលសម្ងាត់១៣កន្លែង

ក្រុមអ្នកឯកទេសអាមេរិក បានបញ្ជាក់ថា មានទីតាំងផលិតមីស៊ីលរហូតដល់ទៅ១៣កន្លែង ក្នុងចំណោមទីតាំងសម្ងាត់ចំនួន២០កន្លែង នៅកូរ៉េខាងជើង ។ ទីតាំងទាំងនោះ ស្ថិតនៅតំបន់ដាច់ស្រយាល់ ក្នុងតំបន់ភ្នំ ។

ក្រុមអ្នកឯកទេសមកពីមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិ CSIS បានបញ្ជាក់ថា កូរ៉េខាងជើង នៅតែបន្តសកម្មភាព ផលិតមីស៊ីលឆ្លងទ្វីប នៅក្នុងទីតាំងសម្ងាត់ ដែលកូរ៉េខាងជើង មិនមានប្រកាសជាសាធារណៈ ។

ក្រុមស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ថា ពួកគេបានកំណត់អត្តសញ្ញាណទីតាំងផលិតមីស៊ីល១៣កន្លែង ក្នុងចំណោមទីតាំង២០កន្លែង ដែលមិនត្រូវបានគេប្រកាសថា មាននៅក្នុងប្រទេសកូរ៉េខាងជើង ហើយនេះ បញ្ជាក់យ៉ាងច្បាស់ពីការងារប្រឈមសម្រាប់ក្រុមចរចាអាមេរិក ដែលសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ។

នៅក្នុងរបាយការណ៍ជាច្រើនបញ្ចេញដោយមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការថែទាំ និងការធ្វើឲ្យល្អប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ ត្រូវបានគេសង្កេតឃើញ មាននៅលើទីតាំងមីស៊ីលមួយចំនួន ថ្វីដ្បិតតែមានកិច្ចចរចាក៏ដោយ។

គួរឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានសន្យាថា នឹងបន្តដំណើរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដ៏ពិតប្រាកដ អំឡុងជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់ពួកគេ កាលពីខែមិថុនាកន្លងទៅ នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែការព្រមព្រៀងគ្នាមួយនេះ ខ្វះខាតភាពជាក់លាក់នៅឡើយ ហើយកិច្ចចរចា បានវិវត្តន៍ទៅមុខតិចតួចប៉ុណ្ណោះ។

លោកត្រាំ បាននិយាយតាម Twitterភ្លាមៗក្រោយជំនួបនោះថា “លែងមានទៀតហើយការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង”៕ ម៉ែវ សាធី


ចែករំលែក៖